អគ្គស្នងការនគរបាលជាតិ ផ្តល់អង្ករ២០តោន និងថវិការ៤០លានរៀល ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបលើការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
អង្ករ២០តោន និងថវិកា៤០លានរៀល ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបលើការងារជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់ និងទទួល នេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ការផ្តល់ជូននេះ គ្រាដែលគេមើលឃើញថា ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះសប្បុរសជនក៏ដូចជាក្រុមហ៊ុនមួយចំនួនបានឧបត្ថម្ភអំណោយជាអង្ករ និងថវិកាមួយចំនួនធំ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជាការឆ្លើយតបផងដែរក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ក្នុងអំឡុងទឹកជំនន់ជន់លិចខ្លាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ ជាកម្លាំងស្នូលបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងការចេញជួយសង្រ្គោះជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះដែលរងការជន់លិចដោយទឹកជំនន់មកទីទួលសុវត្ថិភាព ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានវាយតម្លៃខ្ពស់ដល់កម្លាំងនគរបាលរាជធានីភ្នំពេញនៅក្នុងអំឡុងពេលដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងបានខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងចេញជួយសង្រ្គោះ ហើយនាំមកនូវការកោតសរសើរពីប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំនិងក៏បានជម្រុញកម្លាំងនគរបាលទំាងអស់បន្តជួយប្រជាពលរដ្ឋថែមទៀតក្រោយទឹកជំនន់បានស្រកអស់ដោយ ទៅជួយសម្អាតអនាម័យ ដើម្បីបង្ការជំងឺឆ្លង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានគាំទ្រ និងលើកទឹកចិត្តជូនដល់កម្លាំងនគរបាល នឹងបានឧបត្ថម្ភនូវអំណោយទាំងនេះជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញដែលនៅតែបន្តជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង។
ឯកឧត្តម ក៏បានលើកឡើងថា នៅពេលទឹកស្រកទៅវិញអស់កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងនៅតែបន្តជួយសម្អាតអនាម័យ បរិស្ថាន តំបន់ដែលទឹកលិច ដើម្បីបង្ការជំងឺឆ្លង នៅពេលប្រជាពលរដ្ឋវិលត្រឡប់ចូលលំនៅឋានវិញ៕