កម្លាំងនគរបាលរាជធានីភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរដែនដីបានចុះធ្វើសម្អាត​អនាម័យ​បរិស្ថាន និងបាញ់ថ្នាំកំចាត់មេរោគ បង្ការជំងឺឆ្លងនានា នៅខណ្ឌពោធិ៍សែនជ័យ ក្រោយពីជំនន់ទឹកភ្លៀងបានស្រកទៅវិញ

អត្ថបទដោយ៖
ជា សេឌី

កម្លាំងនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី និងមន្រ្តីមន្ទីរ​ជំនាញរបស់​សាលា​​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដឹកនាំកម្លាំងដោយ​អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះសម្អាតអនាម័យ បរិស្ថាន និងបាញ់ថ្នាំកំចាត់មេរោគ បង្ការជំងឺឆ្លង ការពារសុខមាលភាពប្រជាពលរដ្ឋ នៅចំណុចផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីជំនន់ទឹកភ្លៀង​នៅតំបន់នេះ​បានស្រកទៅវិញ។ ក្នុងនោះកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ទឹកអស់ចំនួន១០ឡាន ដោយការបាញ់ទឹកសាប៊ូសម្អាតអនាម័យតាមដងផ្លូវ ដោយឡែកសាលារាជធានីភ្នំពេញបានប្រើ​ប្រាស់គ្រឿងចក្រ និងរថយន្តបូមទឹកសំអុយដែលបានកកស្ទះ ដើម្បីរំដោះទឹក​សំអុយចេញ​ពីប្រព័ន្ធលូក្នុងការបង្ហូទឹកដែលដក់តាមផ្លូវឱ្យស្រកឆាប់រហ័ស  និងប្រើរថយន្តបាញ់ថ្នាំកំចាត់មេរោគ ធានាសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ។

          ក្នុងសកម្មភាពចុះសម្អាតអនាម័យ បរិស្ថាន ពីសំណាក់ អាជ្ញាធររាជធានីភ្នំពេញនោះផងដែរ ឯកឧត្តម   ឃួង ស្រេង ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នអំពីបញ្ហាជំងឺឆ្លង ក្រោយទឹកជំនន់បាន​ស្រកទៅវិញហើយត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ។

          បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ទឹកជំនន់ទឹកភ្លៀង​បានជន់លិចចំនួន០៨ភូមិ មាន០៤សង្កាត់ បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤.១៣៤គ្រួសារ លិចផ្លូវប្រវែង៨.២២៨ម៉ែត្រ និងលិចសាលារៀន០៤កន្លែង៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner