ឯកអគ្គរដ្ឋទូតរស្ស៊ី៖ រុស្ស៊ីនៅតែបន្តការ​ប្ដេជ្ញា​ចិត្តក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជូនកម្ពុជា ជាពិសេសដល់កងកម្លាំង​នគរបាល​ក្រសួងមហាផ្ទៃតាមរយៈបណ្ដាញអនឡាញ

អត្ថបទដោយ៖
ជា សេឌី

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអនុញ្ញាតជូនឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ព្រមទាំងសហការីចូលជួបសម្ដែងគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតរស្ស៊ី បានថ្លែងអំណរគុណសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀត​ឱកាសទទួលជួបឯកឧត្តមនាពេលនេះ។ ឯកឧត្តមក៏បានសម្ដែងនូវការរំលែកមរណទុក្ខចំពោះប្រជាជនកម្ពុជាដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង និងបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងទាំងអស់ដែលបានបំពេញការងារ​យ៉ាងសស្រាក់សស្រាំងក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្ដេចក្រឡាហោមនូវការថ្លែងអំណរគុណរបស់រដ្ឋាភិបាល  រុស្ស៊ីចំពោះកម្ពុជា ដែលបានជួយគាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗរបស់សហព័ន្ធរុស្ស៊ី និងសម្ដែងក្ដីសង្ឃឹមថា ភាគីកម្ពុជា និងអាចទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលជោគជ័យនេះ គឺជាការបង្ហាញឥទ្ធិពលរបស់អាស៊ី និងកម្ពុជាដែលនៅក្នុងតំបន់នេះ។  ឯកឧត្តមបានបន្តលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរបស់សហព័ន្ធរុស្ស៊ី ក្នុងនោះមានវិស័យប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រឹដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្សេងៗទៀត ដូចជាការទប់ស្កាត់បដិវត្តន៍ពណ៌ និងការ​បណ្ដុះ​បណ្ដាលធនធានមនុស្ស។ ឯកឧត្តមបន្ថែមថា ភាគីរុស្ស៊ីនៅតែបន្តការប្ដេជ្ញា​ចិត្តក្នុង​ការបណ្ដុះ​បណ្ដាលធនធានមនុស្សជូនកម្ពុជា ជាពិសេសដល់កងកម្លាំងនគរបាល​ក្រសួងមហាផ្ទៃតាម      រយៈបណ្ដាញអនឡាញ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិការរវាងក្រសួងទាំងពីរនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ី បន្តថា កន្លងមកភាគីទាំងពីរ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក៏ប៉ុន្តែក៏នៅមានការងារផ្សេងទៀត ដែលទាមតារឱ្​យភាគីទាំងពីរបន្តឈានទៅបញ្ចប់នាពេលខាងមុខ ក្នុងនោះក៏មានកិច្ចព្រម​ព្រៀងស្ដីពីការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីរុស្ស៊ីក្នុងការរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាហ្វិក។

ឆ្លើយតបនឹងការលើកឡើងរបស់ ឯកអគ្គរដ្ឋទូរុស្ស៊ី សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍​អំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសចាប់តាំងពីពេលឈានទៅផ្ដួលរំលំរបបខ្មែរក្រហម ដែលពេលនោះ រុស្ស៊ី ដែលនៅជាសហភាពសូវៀតនៅឡើយ បានចូលរួមជួយគាំទ្រការវាយរំលំរបបខ្មែរក្រហម និងបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់មិនឱ្យរបបអាវខ្មៅនេះត្រឡប់មកវិញ ព្រមទាំងបានជួយកម្ពុជាក្នុង​គ្រាជួបគ្រាដ៏លំបាក ក្រោយពីបញ្ចប់នោះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរុស្ស៊ី ជាពិសេសនៅក្នុងវិស័យធនធានមនុស្ស ដែលពេលនេះមាន​មន្រ្​តីកម្ពុជាជាច្រើនដែលបានបញ្ចប់ការរសិក្សានៅប្រទេសរុស្ស៊ី។ សម្ដេចក៏បានបង្ហាញការឯកភាពចំពោះអ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងស្ដីអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី និងជំរុញឱ្យមន្ត្រីជំនាញភាគីទាំងពីរពន្លឿនការបញ្ចប់នីតិវិធីឈានទៅចុះហត្ថ​លេខាលើកិច្ចប្រព្រមព្រៀងផ្សេងៗទៀត។

សម្ដេចបានបន្ថែមថា ទោះបីជាបញ្ហាជំងឺកូវីដ១៩បានបង្កជាឧបសគ្គនៃទំនាក់ទំនងនានា រាប់ទាំងជាមួយរស្ស៊ីក្ដី ក៏ប៉ុន្តែប្រទេសទាំងពីរ នៅតែខិតខំបន្តនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយសម្ដេចក៏សូមកោត​សរសើរភាគីរុស្ស៊ីដែលបានផលិតនូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩មុនគេ និងទទួលបានការបញ្ជាទិញជាច្រើន ជាពិសេសពីប្រទេសឥណ្ឌា។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជាកំពុងខិតខំស្វះស្វែងរកដៃគូ​សេដ្ឋកិច្ច ដោយនាពេលកន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីចិន ហើយនាពេលខាងមុខជាមួយសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង ដោយសម្ដេចក៏សង្ឃឹមថា    ភាគីរុស្ស៊ី និងកម្ពុជា ក៏អាចនឹងមានកិច្ចព្រមព្រៀងនេះដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner