រថយន្តលុចស៊ីស RX300 បុកទ្រូងផ្លូវបាក់១កង់ និងបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង   បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យទ្រេត និងកំពិតអស់១ដើមទៀត ធ្វេីឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែតុលាឆ្នាំ២០២០  ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 9945 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ក្នុងទិសដៅពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់១កង់ ដោយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតកំពិតអស់មួយដើមទៀត។ រថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍មកវាស់វែង យករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ជីម  ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner