អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននាំយក សម្ភារៈហ្វឹកហាត់ ទៅចែកជូនដល់កីឡាករ-កីឡាការិនី ជម្រើសជាតិ ថ្នាលកម្ពុជា
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សា ផ្ទាល់ សម្ដេច ក្រឡាហោម ស ខេង និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិ ថ្នាលទូកកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃ២៣ ខែមិថុនា កន្លងទៅ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង បានចាត់មន្ត្រីក្រោមឱវាទ នាំយកថវិការបស់អង្គភាពចំនួន២សែនរៀល និងអង្ករមួយបាវ(៥០គីឡូក្រាម) ឧបត្ថម្ភដល់បុរសវ័យចំណាស់ពិការជើងម្ខាងម្នាក់ឈ្មោះ តា លី ដែលរស់នៅគ្មានទីពឹងតាមបណ្តោយមាត់ទន្លេក្នុងក្រុងតាខ្មៅ និងជាអ្នកមើលថែទូកឱ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ដោយមើលឃើញពីការលំបាក ឯកឧត្តម ប្រធានអង្គភាពកីឡានគរបាលជាតិ ក៏បានសន្យាឧបត្ថម្ភថវិកាចំនួន២សែនរៀលរៀងរាល់ខែ និងអង្ករមួយបាវរាល់៣ខែម្តងជូនអ៊ំប្រុស តា លី ផងដែរដើម្បីដោះស្រាយជីវភាព ៕
គួរបញ្ជាក់ថា សម្ភារៈ ដែលចែកជូនកីឡាករ-កីឡាការិនី គ្រូបង្វឹកទាំង៣៦រូបរួមមានស្បែកជើង៣៦គូ ថវិកាមួយចំនួន និងបានជូនអង្ករ៥០គីឡូក្រាម ជារៀលរាល់២ខែម្ដង និងថវិកា ២០ម៉ឺនរៀល រៀងរាល់ខែ ដល់លោកអ៊ុ លី ដែលជាជនពិការ និងតែងតែរក្សាទូករបស់សហព័ន្ធនៅទីនោះ។