ឯកឧត្តម ជា ចាន់តូ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បាន
រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលច្បាប់នេះត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ។សិក្ខាសាលាផ្សព្វផ្សាយនេះ បានប្រារព្ធធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ជាមួយនេះដែរ ក៏ដើម្បីបង្កើនប្រសិទ្ធភាព នៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
នៅក្នុងសិក្ខាសាលានោះ ឯកឧត្តម ជា ចាន់តូ ក៏ដូចតំណាងមហាផ្ទៃ និងក្រសួងយុត្តិធម៌ សុទ្ធតបានបញ្ជាក់ថា៖នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលរៀបចំច្បាប់ទាំងពីរនេះឡើង ក្នុងគោលដៅប្រឆាំងការប្រព្រឹត្តបទល្មើស សម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម បទល្មើសហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីការពារផលប្រយោជន៍ និងរក្សាសន្តិសុខជូនប្រជាជន ហើយក៏ប្រើជាមូលដ្ឋានគតិយុត្តមួយដ៏រឹងមាំ ដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងពិភពលោក ស្របតាមសភាពការណ៍វិវត្តថ្មីៗ ពាក់ព័ន្ធធនឹងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ហើយច្បាប់ទាំងពីរនេះ ក៏នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ និងអាចធើ្វឱ្យប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ មានភាពរឹងមាំ ស្ថិរភាព និងសុចរិតភាព ព្រមទាំងចូលរួមចំណែក កាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយសារការទុកចិត្ត របស់វិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណជន មកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ហើយមិនមានការរឹតបន្តឹងលំហូរសាច់ប្រាក់ រវាងប្រទេសកម្ពុជា និងប្រទេសនានា ដែលមានប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរីកចម្រើន នៅទូទាំងពិភពលោកផងដែរ។
ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ដែរថា៖បើទោះបីជាពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិជំងឺកូវីត១៩ យ៉ាងណាក្តី ក៏សិក្ខាសាលាដ៏មានអត្ថន័យនេះ អាចប្រព្រឹត្តទៅបាន ក្រោមបរិយាកាសរីករាយស្និទ្ស្នាល និងភាតរភាព ស្របពេលដែលប្រទេសកម្ពុជាយើង មានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕