ឯកសារសំខាន់ៗចំនួន៩ត្រូវបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន+៣ លើកទី១១

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំមួយរវាង រដ្ឋមន្ត្រីការងារអាស៊ានទាំង១០ប្រទេស រួមនិងរដ្ឋមន្ត្រីការងារអាស៊ានបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) ដែលក្រោមប្រធានបទ “ការលើកកម្ពស់កម្មករនិយោជិតអាស៊ាន ដើម្បីភាពប្រកួតប្រជែង ភាពធន់ និងភាពបត់បែន សម្រាប់អនាគតនៃការងារ” ដោយក្នុងនេះឯកសារសំខាន់ៗ ចំនួន៩ត្រូវបានអនុម័ត។

កិច្ចប្រជុំនេះរៀបចំឡើងដោយប្រទេសឥណ្ឌូណេស៊ីក្នុងអាណត្តិ ជាប្រធានប្តូរវេនអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅ២៨ ខែតុលា ឆ្នាំ២០២០នេះ។

          នាឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន+៣ លើកទី១១នេះដែរឯកឧត្តមក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកនូវទស្សនៈ ឧត្តមានុវត្តល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស និងកម្លាំងពលកម្មប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាកាសកល និងតំបន់ រួមមានការជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលប្រជាសាស្ត្រ និងការកើនឡើងនៃសេដ្ឋកិច្ចបៃតង និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ចំពោះជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តលើឯកសារសំខាន់ៗ ចំនួន៩ រួមមាន៖  ១)  កម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២១-២០២៥, ២)  ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន ឆ្នាំ២០២១-២០២៥, ៣) ផែនការការងារ របស់ក្រុមការងារឧត្តមមន្ត្រីការងារអាស៊ាន+៣ ឆ្នាំ២០២១-២០២៥ ,៤) ផែនការការងារ ASEAN-OSHNET ឆ្នាំ២០២១-២០២៥,៥)  បច្ចុប្បន្នភាពផែនការសកម្មភាព (២០១៨-២០២,៥) នៃឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍,៦)  ផែនទីបង្ហាញផ្លូវអាស៊ាន ដើម្បីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារត្រឹមឆ្នាំ២០២៥,៧)  គោលការណ៍ណែនាំអាស៊ានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយការងារ និងមុខរបរ ដើម្បីឆ្ពោះទៅរកការងារសមរម្យសម្រាប់ទាំងអស់គ្នា

,៨)គោលការណ៍ណែនាំអាស៊ាន ស្តីពីការវិលត្រលប់ និងការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់ពលករទេសន្តរប្រវេសក៍,៩) គោលការណ៍ណែនាំអាស៊ាន ស្តីពីការគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពការងារ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងរដ្ឋសមាជិកអាស៊ាន

​​​​    គួរបញ្ជាក់ថា លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ានក្នុងការការពារ និងលើកកម្ពស់សុខមាលភាព និងផលប្រយោជន៍កម្មករនិយោជិតអាស៊ាន ជាពិសេសពលករទេសន្តរប្រវេសក៍អាស៊ាន ដើម្បីសម្រេចបានគោលដៅសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ ជាសហគមន៍មួយដែលលើកកម្ពស់ និងជ្រោមជ្រែងប្រជាជនអាស៊ាន និងជាសហគមន៍មួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពធន់ និងប្រកបដោយជវភាព៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner