ធនាគារជាតិដាក់ឲ្យដំណើរការប្រពន្ធ័ទូទាត់ប្រាក់តាមប្រពន្ធ័បច្ចេកវិទ្យាថ្មី
ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃ២៨តុលាឆ្នាំ២០២០ បានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធបាគង” ក្រោមអធិបតីភាព លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ព្រមទាំងតំណាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធបាគង សរុបប្រមាណ ១២០រូប។ ប្រព័ន្ធបាគង ត្រូវគេពណ៌នាថា ប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការភ្លាមៗជាអេឡិចត្រូនិកដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះ ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងវិបត្តិកូវីដ១៩ដែលតម្រូវការទូទាត់អេឡិចត្រូនិកកំពុងមានការកើនឡើង ការដាក់ឱ្យដំណើរការផ្លូវការប្រព័ន្ធបាគង នឹងជួយគាំពារដល់សុខុមាលភាពសង្គម និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសរួមចំណែកស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការសម្រួលការទូទាត់ជាអេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយពុំប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់។ លោកស្រី ជា សិរី បានថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ លោកស្រីបានបន្តថា
ប្រព័ន្ធបាគងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជាក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស។ បច្ចុប្បន្នមានធនាគារ និងគ្រឹះស្ថាន ១៨ រួចមកហើយកំពុងប្រើប្រាស់ប្រពន្ធ័នោះ ហើយគេគ្រោងនឹងបញ្ចូលស្ថាបន័ជាង២០បន្ថែមទៀតនៅពេលខាងមុខ។