នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ១៤គ្រួសារ នៅក្នុងស្រុក៣ នៃខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក យុង គឹមហ៊ាន រួមជាមួយអនុសាខា ស្រុកត្បែងមានជ័យ ,ប្រធានកិត្តិយស អនុសាខាស្រុកគូលែន លោក ប៉ាង យៀត និងប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន លោក រស់ ហេង បានដឹកនាំមន្ត្រី និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន ១៤គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកជ័យសែន នារសៀលថ្ងៃទី២៨តុលាឆ្នាំ២០២០។

ការនាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានទាំង ១៤គ្រួសារ នៅក្នុងស្រុកទាំង ៣នាគ្រានោះ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានចុះទៅកាន់ស្រុកត្បែងមានជ័យ ដើម្បីចែកគ្រឿងឧបភោគ បរិភោគ និងថវិការបស់សាខា និងថវិកាសប្បុរសជន ដល់ប្រជាពលរដ្ឋ ៦គ្រួសារ ដែលសុទ្ធសឹងជាគ្រួសារងាយរងគ្រោះ និងមានជីវភាពខ្វះខាត ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ អាហារបំប៉ន ២០កញ្ចប់ ទឹកផ្លែឈើ ៨កំប៉ុង ទឹកបរិសុទ្ធ ១យួរ និងថវិកា ៦ម៉ឺនរៀល ស្ថិតនៅភូមិក្រាំងដូង (វាលរំពុក) នៃឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។

នៅក្នុងស្រុកគូលែន ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោក ប៉ាង យៀត បានដឹកនាំមន្ត្រី និងក្រុមការងារថ្នាក់ស្រុក នាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកទុក្ខគ្រួសារសពដោយសារពុលត្រីកំពត នាពេលកន្លងមក ហើយគ្រួសារមួយនេះ មានជីវភាពខ្សត់ខ្សោយ រស់នៅភូមិថ្នល់បែក (តាកឹង) ឃុំថ្មី ស្រុកគូលែន ។

គ្រួសារដែលមានសមាជិកពុលត្រីកំពតស្លាប់នោះ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ២យួរ ថវិកាអនុសាខា រួមទាំងថវិកាសប្បុរសជន ចំនួន ១៧ម៉ឺនរៀល។ លោក ប៉ាង យៀត បានថ្លែង ដោយសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដ៏ជាទីស្រឡាញ់ម្នាក់ ជាមួយគ្រួសារសព ក្នុងពេលនោះផងដែរ។

ដោយឡែក នៅក្នុងស្រុកជ័យសែន ឯនោះវិញ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោក រស់ ហេង លោកបានដឹកនាំមន្ត្រី និងក្រុមការងារថ្នាក់មូលដ្ឋាន នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៧គ្រួសារ ដែលកំពុងរស់នៅក្នុងឃុំច្រាច់ នៃស្រុកជ័យសែន។ លោក រស់ ហេង បានថ្លែងថា ក្នុងពេលធ្វើដំណើរលើកំណាត់ផ្លូវលំក្រាលគ្រួសារក្រហម ១ខ្សែ ការដើរកាត់ព្រៃ និងឆ្លងកាត់វាលស្រែ ដែលមានស្រូវទុំក្រហមពណ៌មាស ដើម្បីនាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋទាំង ៧គ្រួសារ ដល់មូលដ្ឋានរស់នៅរបស់ពួកគាត់នោះ ក៏មានភ្លៀងរលឹមស្រិចៗផងដែរ តែដើម្បីប្រជាពលរដ្ឋ ក្រុមការងារនៅតែជម្នះទៅមុខ រហូតដល់គោលដៅ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថា សម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ពោល គឺ«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច»។

លោក យុង គឹមហ៊ាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវរស់នៅស្អាត ហូបអាហារឆ្អិនល្អ ហូបទឹកដាំពុះ មានអនាម័យល្អ សម្អាតបរិស្ថាននៅជុំវិញផ្ទះ ត្រូវគោរព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស និងការរក្សាគម្លាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ១៩ ៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner