លោក ចេង មុនីរ៉ា ប្រាប់ឲ្យអាជ្ញាធរសង្កាត់ទាំងអស់ ចុះពិនិត្យមើលប្រឡាយ ជាពិសេស ពិនិត្យមើលសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើប្រឡាយមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅផងដែរនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរសង្កាត់ និងមន្ត្រីខណ្ឌទាំងអស់ ដែលបានបំពេញការងារ និងបំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក និងបានជំរុញឲ្យមន្ត្រីទាំងអស់បន្តការងារនេះថែមទៀត ។
នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា ក៏បានលើក ឡើងពីបញ្ហាសំរាមដែលកន្លងមក កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនបញ្ចេញរថយន្ត និងមិនប្រមូលសំរាម ប៉ុន្តែការងារនេះ គឺមន្ត្រីសង្កាត់ ខណ្ឌយើងបានសហការគ្នាប្រមូលសំរាមនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ បានល្អដោយមិនមានការកកស្ទះនោះទេ ។ បញ្ហានេះ លោកអភិបាលខណ្ឌ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះមន្ត្រីទាំងអស់ ដែលបានខិតខំធ្វើការងារនេះទាំងថ្ងៃទាំងយប់ ។
ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធលូ ប្រឡាយមានការកកស្ទះ ដែលធ្វើឱ្យភូមិមួយចំនួនបានលិចទឹកដោយសារជំនន់ទឹកភ្លៀង លោក ចេង មុន្នីរ៉ា បានប្រាប់ទៅចៅសង្កាត់ទាំងអស់ ត្រូវចុះពិនិត្យមើលប្រព័ន្ធលូបន្ទាប់ពីទឹកស្រក ជាពិសេស ត្រូវពិនិត្យមើលប្រឡាយទឹក ដែលមានការសាងសង់សំណង់អនាធិបតេយ្យរំលោភលើប្រឡាយ ជាហេតុបង្កឱ្យប្រឡាយរួមតូច ទឹកពិបាកហូចេញ មានការកកស្ទះ និងធ្វើឱ្យលិចទឹកនៅភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ ៕