ប្អូនថ្លៃកាប់បងថ្លៃរងរបួសធ្ងន់ ក្រោយពីជនរងគ្រោះប្រេីហិង្សាលេីប្រពន្ធកូន
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ នៅដីឡូត៍ចំការផ្កាម្លិះ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះយាំ សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។ លោកអធិការបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ ជនរង គ្រោះប្រើកូនទិញស្រាផឹក តែកូនពុំព្រមទៅ ជនរងគ្រោះក៏វាយកូន រួចប្រពន្ធចូលទៅឃាត់ ស្រាប់តែជនរងគ្រោះយកដំបងឬស្សីវាយប្រពន្ធត្រូវចំត្រគៀកខាងឆ្វេងដួលទៅលើដី រួចជនសង្ស័យ(ត្រូវប្អូនថ្លៃជនរងគ្រោះ) សួរថា ម៉េចបងឯងវាយប្រពន្ធកូនគ្មានហេតុផលចឹង? ពេលនោះជនរងគ្រោះក៏យកកូនកាំបិតរត់ទៅចាក់ជនសង្ស័យ តែពុំត្រូវ រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំសៀតថ្កាខាងឆ្វេង និងកដៃខាងឆ្វេងបណ្តាលឲ្យរបួស រួចជនសង្ស័យក៏ដើរគេចចេញ យកកាំបិតប៉័ងតោចោលក្នុងព្រៃបាត់។ បន្ទាប់មកសមត្ថកិច្ចយើងចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះសមត្ថកិច្ចយើងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ច្បារអំពៅ៕ ដោយ៖ ភារ៉ា និងប៊ុនធី
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។