សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ចុះស្ទាក់ចាប់រថយន្តខ្នាតយក្សដឹកជញ្ជូនឈើមួយគ្រឿង ចរាចរណ៍ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ
ខេត្តកំពង់ធំ៖ កម្លាំងអធិការដ្ឋាន នៃរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកប្រាសាទបាល្ល័ង្គ ប៉ុស្ត៍នគរបាលរដ្ឋបាល ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ បានចុះស្ទាក់ចាប់រថយន្តខ្នាតយក្សមួយគ្រឿង ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ។ ប្រតិបត្តិការរួមគ្នានាគ្រានោះ បានឡើងកាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី២៩តុលាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ។
មន្ត្រីអនុវត្តច្បាប់ព្រៃឈើ នៅក្នុងការចុះបង្ក្រាបរថយន្តដឹកឈើនោះ បានប្រាប់ឲ្យដឹងថា នៅក្នុងពេលចុះបង្ក្រាបនោះ ស្ត្រីម្នាក់ដែលសមត្ថកិច្ចដឹងថា គឺជាម្ចាស់រថយន្តដឹកឈើ បានចុះរារាំងកិច្ចការសមត្ថកិច្ចមិនឲ្យធ្វើការបង្ក្រាប ហើយអះអាងថា ឈើដែលគាត់ផ្ទុកក្នុងរថយន្តនេះ គឺសុទ្ធសឹងតែជាឈើគ្រឿងផ្ទះចាស់ៗ ពុំមានបង្កប់ឈើថ្មី សូម្បីតែមួយសន្លឹងក៏គ្មាននោះដែរ បើកម្លាំងសមត្ថកិច្ចមិនជឿ ស្ត្រីរូបនេះនឹងនាំសមត្ថកិច្ច ទៅស្បថនៅចំពោះមុខលោកតាក្រហមករ ដើម្បីបញ្ជាក់ពីការពិត។
មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា បើទោះជាមានការអះអាងបែបនេះ ពីស្ត្រីរកស៊ីជួញឈើនេះយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចត្រូវតែបន្តអនុវត្តច្បាប់ ហើយឃាត់រថយន្តនោះនាំមកកាន់ស្នាក់ការ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ស្ថិតក្នុងរង្វង់ដែនដីរដ្ឋបាលខេត្តកំពង់ធំ។
លោកថា ស្របពេលជាមួយគ្នានឹងការចាប់រថយន្តនោះ ស្ត្រីម្ចាស់រថយន្តដឹកឈើ ដែលគេស្គាល់ថា មានឈ្មោះ ចែ ក្រឹម នោះ គឺគេតែងរាយការណ៍ថា ចែ ក្រឹម បានដឹកជញ្ជូនឈើទាំងនេះ ចេញពីភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយសមត្ថកិច្ចមិនដែលដឹងពីការដឹកជញ្ជូនឈើរបស់ ចែ ក្រឹម នេះទេ ប៉ុន្តែ ពេលនេះ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប កំណត់បានយ៉ាងច្បាស់ ទើបឈានទៅបង្ក្រាបរថយន្តដឹកឈើរនេះបាន។
លោកបានបន្តថា នៅពេលស្ទាក់ចាប់រថយន្តដឹកឈើនេះ ចែ ក្រឹម បានជេរប្រមាថ និងដាក់បណ្តាសារមកលើកម្លាំងបង្ក្រាបយ៉ាងចាស់ដៃ ប៉ុន្តែ ស្ត្រីនេះបានរត់គេចខ្លួន ក្រោយកម្លាំងសមត្ថកិច្ចរើឈើចេញពីរថយន្ត ហើយរកឃើញ មានបង្កប់ឈើអារថ្មីៗជាច្រើន នោះមក។ លោកបានបញ្ជាក់ថា រថយន្តដែលរងការបង្ក្រាបនេះ ប្រភេទអ៊ីយ៉ាន់ដាយ យីឌុបផ្លូវ៥ ក្បាលពណ៌ស-ខៀវត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3D-4541 ដាក់ឈើចាស់ពីលើក និងបង្កប់ឈើថ្មីពីក្រោម ជាប្រភេទឈើលេខ២ «ឈើផ្តៀក» មានចំនួន ៥ម៉ែត្រគូប ៨ផ្លាន ជាឈើគ្មានច្បាប់អនុញ្ញាតនោះទេ។
តៃកុងរថយន្តនេះបានប្រាប់សមត្ថកិច្ចថា រថយន្តនេះបានដឹកជញ្ជូនស៊ីម៉ងត៍ ចេញពីរាជធានីភ្នំពេញ នាំយកមកដាក់នៅដេប៉ូក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយការវិលត្រឡប់មកវិញ ចែ ក្រឹម ដែលជាម្ចាស់ឈើ បានជួលរថយន្តនេះ ឲ្យមកដឹកឈើគ្រឿងផ្ទះចាស់ នៅក្នុងខេត្តព្រះវិហារ និងត្រូវយកមកដាក់នៅភូមិត្រពាំងព្រៃ ឃុំព្រះអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ដោយជួលក្នុងតម្លៃ ២លានរៀល ចែក្រឹមថា ឈើទាំងនេះ គាត់យកទៅសង់ផ្ទះ ហើយការធ្វើដំណើរតាមផ្លូវ ចែ ក្រឹម ធានារត់ការទាំងអស់។
នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប លោក ហោ ភាជ បានឲ្យដឹងថា វត្ថុតាងរថយន្តដឹកឈើនេះ មន្ត្រីជំនាញផ្តល់ឧិកាសដល់ម្ចាស់កម្មសិទ្ធិរថយន្ត ក្នុងរយះពេល ១ខែ ដើម្បីចូលខ្លួនមកដោះស្រាយតាមច្បាប់ ស្តីពីព្រៃឈើ ដោយតម្រូវឲ្យធ្វើការបង់ផាកពិន័យ យកថវិកាបង់ចំណូលចូលរដ្ឋ តែប្រសិនបើក្នុងរយះពេលនេះ ម្ចាស់រថយន្តដឹកឈើ មិនចូលខ្លួនមកដោះស្រាយនោះទេ មន្ត្រីជំនាញព្រៃឈើ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការជាបន្តតាមច្បាប់ នោះហើយ៕ ដោយ៖ឡុង សំបូរ