លោក ដូណាល់ ត្រាំ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Axios ដែលថា លោកកំពុងត្រៀមខ្លួនទុកជាមុនឲ្យហើយ ដើម្បីអបអរជ័យជំនះលើលោក បៃដិន
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ បានច្រាលចោលការចុះផ្សាយដែលថា រូបកំពុងត្រៀមខ្លួនទុកជាមុនដើម្បីប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ប្រសិនបើលោកឈ្នះលោក ចូ បៃដិន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Axios ដោយផ្អែកលើកិច្ចសន្ទនាឯកជនពីប្រភពចំនួន០៣ ស្និទ្ធនឹងលោក ដូណាល់ ត្រាំ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ក្រុមមនុស្សជំនិតរបស់លោកថា លោកមានបំណងប្រកាសពីជ័យជម្នះទុកជាមុន បើទោះជាលទ្ធផលនៃអ្នកបោះឆ្នោតតំណាងមួយចំនួនធំ មិនទាន់បានរាប់នៅតាមរដ្ឋសំខាន់ៗក៏ដោយ ។
យ៉ាងណាមិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ត្រូវបានគេរំពឹងថា អាចនឹងមានភាពចម្រូងចម្រាសច្រើន ដោយអ្នកឈ្នះទំនងជាមិនអាចដឹងភ្លាមៗនៅយប់ថ្ងៃដដែលនេះទេ ដោយសារតែសន្លឹកឆ្នោតតាមប្រៃសណី យ៍ ដែលនឹងត្រូវរាប់តាមក្រោយ បន្ទាប់ពីការបិទទ្វារការិយាល័យបោះឆ្នោតនៅតាមរដ្ឋនីមួយៗ ដែលមានរបៀប ឬប្រព័ន្ធរាប់សន្លឹកឆ្នោតផ្សេងៗពីគ្នា ៕