លោក ចូ បៃដិន ធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅរដ្ឋ Pennsylvania ចំនួន០២ថ្ងៃជាប់គ្នា ខណៈលោក ដូណាល់ ត្រាំ សម្រុកឃោសនាមួយថ្ងៃ០៥រដ្ឋ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញកាលវិភាគដ៏តក់ក្រហល់មួយនៅថ្ងៃអាទិត្យម្សិលមិញ ដោយធ្វើឃោសនាបោះឆ្នោត៥រដ្ឋតែម្ដងក្នុងពេលត្រឹមតែ២៤ម៉ោង ។
ដោយចាប់ផ្ដើមពីរដ្ឋ Michigan លោក ត្រាំ ក៏បន្តធ្វើដំណើរទៅកាន់រដ្ឋ Iowa , North Carolina, Georgia និង Florida ដែលជាសុទ្ធសឹងតែជារដ្ឋសំខាន់ៗក្នុងសមរភូមិបោះឆ្នោតអាមេរិកឆ្នាំ២០២០ ពោលគឺអាចកំណត់ជោគវាសនារបស់បេក្ខជនប្រធានាធិបតីទាំងពីរគណបក្សធំៗនេះ សម្រាប់ឈោងទៅចាប់តំណែងប្រធានាធិបតីអាមេរិក ។
ជាមួយគ្នានេះ លោក ចូ បៃដិន ក៏បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania ចំនួន០២ថ្ងៃជាប់ៗគ្នាផងដែរ ពោលគឺចាប់ពីថ្ងៃទី១ ដល់ទី២ ខែវិច្ឆិកានេះ ដែលជារដ្ឋកំណើតរបស់លោក ។ ហើយលោកក៏នឹងរៀបចំព្រឹត្តិការណ៍ផ្សេងក្នុងទីក្រុង Philadelphia និងទីក្រុង Pittsburgh ផងដែរ ។ មិនតែប៉ុណ្ណោះ លោក បៃឌិន ក៏នឹងធ្វើយុទ្ធនាការក្នុងរដ្ឋ Ohio នាថ្ងៃទី០២ ខែវិច្ឆិកាផងដែរ ដើម្បីបង្ហាញជំហរថា លោកអាចឈ្នះរដ្ឋនេះបាន ៕