គ្លីនិក លី ស្រីវីណា ត្រូវបានបិទបណ្តោះអាសន្នដើម្បីស៊ើបអង្កេត ក្រោយព្យាបាលមេធាវីម្នាក់បណ្តាលឱ្យស្លាប់

ភ្នំពេញ៖ គ្លីនិក លី ស្រីវីណា ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីគ្លីនិកនេះ បានព្យាបាលលោកមេធាវី ទេព ពៅ បណ្តាលឱ្យស្លាប់នៅក្នុងបន្ទប់ព្យាបាល។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីបុគ្គលិកគ្លីនិក។

ទោះយ៉ាងនេះក៏ដោយ សារពត័ត៌មាន មិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខណ្ឌចំការមន និងខាងក្រសួងសុខាភិបាលបាននៅឡើយទេ ទាក់ទងនឹងបញ្ហានេះ។ គ្លីនិក លី ស្រីវីណា ស្ថិតនៅផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

គួររម្លឹកផងដែរថា កាលនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ស្រីវីណា។ ក្រោយមកខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង។ បញ្ហានេះ គ្លីនិក លី ស្រីវីណា បានដោះស្រាយ ជាមួយក្រុមគ្រួសារ សពហើយ តែសមត្ថកិច្ចជំនាញនៅតែបន្តការស៊ើបអង្កេតទៀត ដើម្បីរកមូលហេតុនៃការស្លាប់ឱ្យបានច្បាស់លាស់។

លោកមេធាវី ទេព ពៅ នឹងត្រូវរៀបអាពាហ៍ពិពាហ៍ ជាមួយនារីម្នាក់នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តែជាអកុសល លោក មេធាវី បានស្លាប់មុនពេលថ្ងៃសិរីមង្គលមកដល់ទៅវិញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner