លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សង្ឃឹមឈ្នះដូចគ្នា ខណៈសន្លឹកឆ្នោតរាប់បាន១២០លានសន្លឹករួចរាល់
អាមេរិក៖ បើតាមលទ្ធផលរាប់សន្លឹកឆ្នោតបណ្ដោះអាសន្ននោះ លោក ចូ បៃដិន កំពុងមានចំនួនប្រតិភូច្រើនជាងលោក ដូណាល់ ត្រាំ តែលោក ត្រាំ កំពុងនាំមុខលោក បៃដិន ក្នុងរដ្ឋសំខាន់ៗដែលកំណត់វាសនាបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ពីរដ្ឋកំណើត Delaware លោក ចូ បៃដិន និយាយថា លោកកំពុងឈ្នះក្នុងការបោះឆ្នោតដ៏ស្រួចស្រាល ។ លោក បៃដិន ក៏បានព្រមានដែរថា ការបោះឆ្នោតសំបុត្រដែលជាលទ្ធផលនៃការរាលដាលជំងឺ COVID-19 នឹងធ្វើឲ្យការចេញលទ្ធផលចំណាយពេលយូរ ។ ដោយឡែកលោក ដូណាល់ ត្រាំ ក៏បានចេញសារតាមបណ្តាញ Twitter ផងដែរ ដោយបានទស្សទាយពីជ័យជម្នះលោកដូចគ្នា ។ លោក ត្រាំ បានសរសេរសារបង្ហោះថា យើងមានលទ្ធផលធំ ប៉ុន្តែពួកគេកំពុងព្យាយាមលួចការបោះឆ្នោត ។
សូមជម្រាបថា សន្លឹកឆ្នោតរាប់បាន១២០លានសន្លឹករួចរាល់ លទ្ធផលព្យាករណ៍ បង្ហាញថា លោក បៃដិន បន្តនាំមុខតិចតួចប៉ុណ្ណោះលើលោក ត្រាំ ជាមួយចំនួនប្រតិភូ២៣៨ ទល់នឹង២១៣ ។ ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania, Wisconsin, Michigan, North Carolina, Nevada, និង Georgia បន្តធ្វើឡើងនៅឡើយ ហើយលទ្ធផលនៅតាមរដ្ឋទាំងនេះ នឹងកំណត់ថា លោក ត្រាំ បន្តដឹកនាំអាមេរិក ឬលោក បៃដិន ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕