ទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរុស្ស៊ីថ្មីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងវិស័យអប់រំ និងសុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេស ជាដើម ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម Anatoly Borovik ដែលទើបត្រូវបានរដ្ឋាភិបាល-សហព័ន្ធរុស្ស៊ីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា, ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំមិនភ្លេច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបការលំបាកកាលពីទសវត្សទី៨០ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងរងការហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌។ កាលនោះ អតីតសហភាពសូវៀត បានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើនដល់កម្ពុជា និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យ អប់រំ និងសុខាភិបាល។ ធនធានមនុស្ស បច្ចេកវិទ្យា និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលប្រសូត្រចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងរុស្ស៊ី បាននិងកំពុងផ្តល់លទ្ធផលប្រកបដោយផ្លែផ្កា ។

ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបឯកឧត្ដម ឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik ដែរថា បើទោះបីជាស្ថិតក្នុងបរិការណ៍វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខដោយរលូន ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងវប្ប-ធម៌។

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការជំរុញ កិច្ចសហប្រតិបត្តិការទាំងនេះឲ្យកាន់តែសកម្មថែមទៀត ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍វិនិយោគិនពីរុស្ស៊ី មកដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ច ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងសង្គម ហើយគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ, ឯកឧត្ដម Anatoly Borovik ក៏បានជម្រាបផងដែរថា ដោយមើលឃើញពីសក្តានុពលនៃប្រទេសកម្ពុជា មានក្រុមហ៊ុនរុស្ស៊ីជាច្រើន ទាំងក្រុមហ៊ុនធំ និងមធ្យម កំពុងមានចំណាប់អារម្មណ៍ និងស្វែងរកកាលានុវត្តភាព ក្នុងការដាក់ទុនវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា ។ ក្នុងន័យនេះ, ឯកឧត្ដម ឯកអគ្គរដ្ឋទូតជឿជាក់ថា នាពេលខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងជាបន្តបន្ទាប់ ។

ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានជូនពរឯកឧត្ដម Anatoly Borovik សូមបំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner