លោក ចូ បៃដិន និយាយថា លោកនឹងឈ្នះការបោះឆ្នោត ហើយអំពាវនាវអោយមានការអត់ធ្មត់ ខណៈសន្លឹកឆ្នោតកំពុងរាប់នៅឡើយ
អាមេរិក៖ បេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា លោកគ្មានការសង្ស័យទេ… រូបលោកនឹងផ្តួលប្រធា នាធិបតី ដូណាល់ ត្រាំ ហើយនឹងប្រកាសអ្នកដែលឈ្នះនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប៉ុន្តែលោក បៃដិន ក៏បានអំពាវនាវអោយអ្នកបោះឆ្នោតទាំងអស់រក្សាការអត់ធ្មត់ ដោយលទ្ធផលនឹងត្រូវបានគេដឹង “នាពេលឆាប់ៗ” នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកំណើតរបស់ខ្លួន គឺក្រុង Wilmington រដ្ឋ Delaware លោក បៃដិន បានបញ្ជាក់ថា យើងគ្មានការងឿងឆ្ងល់ ថាតើនៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់… សមាជិកព្រឹទ្ធសភាលោកស្រី កាម៉ាឡា ហារីស និងខ្ញុំ នឹងត្រូវបានប្រកាសជាអ្នកឈ្នះ ។ ដូច្នេះខ្ញុំសូមស្នើអោយអ្នកគ្រប់គ្នារក្សាភាពអត់ធ្មត់… ដំណើរការរាប់សន្លឹកឆ្នោតកំពុងដំណើរការ… បើការរាប់សន្លឹកឆ្នោតរួចរាល់នោះ យើងនឹងបានដឹងនាពេលឆាប់ៗនេះ ។
គិតមកទល់ពេលនេះ លទ្ធផលបោះឆ្នោតនៅតែដដែល ដោយលោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង២៦៤រូបទល់នឹង២១៤រូប ស្របពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia, Pennsylvania, Nevada, North Carolina និងរដ្ឋ Alaska នៅតែបន្តដំណើរការនៅឡើយ រីឯបាតុកម្មតវ៉ារវាងអ្នកគាំទ្រលោក ត្រាំ និងអ្នកគាំទ្រលោក បៃដិន ជុំវិញការរាប់សន្លឹកឆ្នោតក៏កំពុងផ្ទុះឡើងផងដែរ ៕