សម្តេចតេជោ ហ៊ុន សែន ថ្វាយសារអបអរសាទរ សម្តេចម៉ែ ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបាន គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង។

ក្នុងសារលិខិតអបអរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកា នៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតនាំឱនកាយថ្វាយនូវសមានចិត្តរំភើបសោមនស្សរីករាយជាអតិបរមា ចំពោះហ្លួងម៉ែជាអម្ចាស់ជីវិត ក្នុងឱកាស ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស “មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេសថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រារព្ធឡើងនៅវិមានប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ»។

សម្តេចបានបន្តថា៖ «ក្នុងអភិសម័យប្រពៃថ្លៃថ្លាមហាប្រសើរ ឧត្តុង្គឧត្តមបរមរាជវរោកាសត្រចះត្រចង់ខ្ពង់ខ្ពស់ ខណៈ សម្ដេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ស្ដេចទទួលបានព្រះដង្វាយអភិរម្យពី ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ពិតជាមហាស័ក្តិសមនឹងព្រះវីរគំរូព្រះរាជលំអានដែលទ្រង់ស្ដេចបានត្រួសត្រាយព្រះមាគ៌ាទូលំទូលាយល្អផូរផង់សម្រាប់ប្រជាពលរដ្ឋ ជាកូនចៅរបស់ព្រះអង្គ អនុវត្តតាមព្រះគន្លងប្រកបដោយក្ដីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ អស់កាលដ៏យូរអង្វែងតរៀងទៅ»។

ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសហការី និងប្រជាជនគ្រប់រូប សូមលំឱនកាយ​វាចាចិត្ត ប្រណិប័តន៍ថ្វាយព្រះសព្ទសាធុកាពរបវរសួស្ដី សិរីវឌ្ឍនាជយាតិរេកអនេកប្បការ សូមឧទ្ទិសបួងសួង​ដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី សូមបន្តទ្រទ្រង់អភិបាលគ្រងរក្សាសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ សូមទ្រង់ព្រះប្រកបដោយ​ព្រះពុទ្ធពរទាំង៤ប្រការ​គឺ៖អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេស ដែលបានចូលរួមចំណែក​យ៉ាងសកម្មក្នុង​ការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។

រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយសនេះ ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាពកម្ពុជា-ចិន។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ បានប្រព្រឹត្តឡើងយ៉ាងមហោឡារឹកអធិកអធមនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន នាទីក្រុងប៉េកាំង ប្រទេសចិន។

ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ជាអ្នកអញ្ជើញថ្វាយនូវគ្រឿងឥស្សរិយយសនេះដោយ​ផ្ទាល់ដល់ព្រះវររាជ​មាតាជាតិខ្មែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner