ឯកឧត្តម កៅ ថាច៖ ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួលបានប្រាក់ចំណេញ
ខេត្តព្រៃវែង៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍លើកឡើងថា ការដាំដុះមិនមានផែនការ ជាហេតុធ្វើអោយខាតបង់ថវិការ និងមិនទទួលបានប្រាក់ចំណេញ។ ឯកឧត្តម បានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការ ជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជុញគរលើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម ព្រោះថាតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារតិច ផលិតផលច្រើន។ ឯកឧត្តម អគ្គនាយកលើកឡើងបន្តថា ការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ គឺត្រូវសិក្សាអំពីប្រភេទពូជ ដែលមានតម្រូវការទៅលើទីផ្សារខ្ពស់ ហើយការដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់។
ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដុះបន្លែដែលមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ ២០០នាក់ ។ កម្មវិធីនេះរៀបចំឡើងដោយមានការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន បន្លែសុវត្ថិភាពខ្មែរ និងមន្ទីកសិកម្មខេត្តព្រៃវែង ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយកក៏បានធ្វើការជំរុញ និងស្នើសុំអោយបងប្អូនប្រជាកសិករ ត្រូវកែប្រែទម្លាប់ពីការដាំដុះបែបកសិករ ទៅជាការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ ដើម្បីជាទំនុកចិត្តដល់បងប្អូនកសិករ ឯកឧត្តម បានធ្វើការណែនាំក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដែលជាក្រុមហ៊ុនបោះដុំបន្លែដើម្បីអោយបងប្អូនធ្វើការចុះកិច្ចសន្យា ធ្វើដូចនេះដើម្បីធានាបាននូវភាពច្បាស់លាស់លើទីផ្សារ។ ហើយ ឯកឧត្តម បានសំណូមពរអោយបងប្អូនពង្រឹងការដាំដុះប្រកបដោយគុណភាព គោរពបាននូវស្តង់ដារអនាម័យ។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនបងប្អូនកសិករអំពី៖ គោលការណ៍ និងលក្ខខណ្ឌទទួលបានឥណទានដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជូនដល់ប្អូនកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។ ឯកឧត្តម កៅ ថាច លើកទឹកចិត្តដល់បងប្អូនកសិករទំនាក់ទំនងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងករណីមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះផងដែរ។