គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបា ត់ដំបង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា ក្នុងស្រុកចំនួន៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រព …
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយនិងចែក
“ពូជស្រូវ”ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងកន្លងមក។
ដែលមកពីក្រុង-ស្រុកចំនួន៨ សរុបជាង១ម៉ឺនគ្រួសារ នៅឯព្រលានយន្តហោះវាលបែកចាន ក្រុង-ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថា៖ អាជ្ញាធរខេត្តនិងមន្ទីរកសិកម្មខេត្ត គ្រោងស្តារឡើងវិញនូវដំណាំស្រូវប្រមាណជា១០.៥០០ហិកតា នៅក្នុងស្រុកចំនួន០៨ ដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រព។ ស្រុកទាំងនោះរួមមាន៖ ក្រុងបាត់ដំបង, ស្រុកបវេល,ថ្មគោល,បាណន់,សង្កែ,គាស់ក្រឡ,មោងឫស្សីនិងស្រុកឯកភ្នំ ហើយគ្រួសារដែលទទួលនូវអំណោយមានចំនួន ១០.២១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ”ពូជស្រូវ”ចំនួន១០០គក្រ, អង្ករ២៥គក្រ រួមនិងគ្រឿងឧបភោគបរិភោគនិងថវិកា៥ម៉ឺនរៀល។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងទៀតថា៖បច្ចុប្បន្ននេះទឹកជំនន់បានស្រកចុះថមថយទៅវិញហើយ និងថែមទាំងបង្កលក្ខណៈងាយស្រួលដល់ខេត្ត ក្នុងការស្តារឡើងវិញនូវ វិស័យកសិកម្ម ដែលបានទទួលរងការខូចខាតកន្លងមក។ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការ ជាមួយនិងអាជ្ញាធរក្រុង-ស្រុក ឃុំ.សង្កាត់ ចុះធ្វើការវាយតម្លៃ និងជាលទ្ធផល ក្នុងនោះ៖គ្រួសារ ដែលអាចស្តារឡើងវិញបាន តាមការធ្វើកសិកម្មដំណាំស្រូវ មានចំនួន ១០.៥០០គ្រួសារ ដែលស្មើនឹង ១០.៥០០ហិកតា ក្នុងក្រុង-ស្រុកចំនួន០៨ លើឃុំចំនួន៤៨ ស្មើនឹង២៣១ភូមិ។ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងទៀតថា៖ ដោយសារតែទីតាំងដីស្រែរបស់ពួកគាត់ គឺ៖ស្ថិតនៅជិតក្នុងតំបន់ដែលមានប្រភពទឹកច្បាស់លាស់និងគ្រប់គ្រាន់ ក្នុងការស្រោចស្រពដំណាំស្រូវដាំដុះទាំងនោះបាន ។
ប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ខេត្តបាត់ដំបង បានជួបប្រទះនូវគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងរហ័ស ចាប់ពីថ្ងៃទី០៩ ខែតុលា២០២០
កន្លងមកនេះ ដែលបង្កនូវការជន់លិចក្រុង-ស្រុកទាំង១៤ស្មើនឹង៩៩ឃុំ-សង្កាត់ និងបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ សរុបចំនួន ៧២ពាន់៨២០គ្រួសារ។កន្លងមកនេះ ដោយមានកិច្ចសហការគាំទ្រល្អក្នុងការចុះអន្តរាគមន៍ផ្ទាល់ ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត និងពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត បានចុះជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា និងបានជម្លៀសឲ្យទៅកាន់ទីទួលសុវត្ថិភាពនិងទីសុវត្ថិភាព សរុបចំនួន ៧.២០៧គ្រួសារ។
គិតនៅត្រឹមថ្ងៃទី៣១ខែតុលាឆ្នាំ២០២០ នេះ គ្រោះមហន្តរាយទឹកជំនន់ បានធ្វើឱ្យប៉ះពាល់ដល់
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមនិងវិស័យសំខាន់ៗ ក្នុងខេត្ត ដូចជា៖ វិស័យកសិកម្ម, ធនធានទឹក, សាធារណការនិងដឹកជញ្ជូន និង វិស័យអភិវឌ្ឍន៍ជនបទ យ៉ាងធ្ងន់ធ្ងរ។ រួមមាន៖ ផ្ទៃដីដាំដុះស្រូវ រងការប៉ះពាល់ សរុប១២៧ពាន់១៨៩ហិកតា គឺស្មើនឹង៤៧ពាន់ ៥៦៩គ្រួសារ។ ក្នុងនោះបង្កការខូចខាត ចំនួន ៤២ពាន់ ៥១៧ហិកតា ដោយស្មើនឹង ២៦ពាន់ ៩១៦គ្រួសារ។ រីឯផ្ទៃដី ដំណាំសាកវប្បកម្ម
និងឧស្សាហកម្ម បានរងផលប៉ះពាល់ សរុបចំនួន ៦២ពាន់ ៧៦៩ហិកតានិងធ្វើឲ្យខូចខាតសរុបចំនួន ៤៣ពាន់ ១២៤ហិកតា។ ដោយឡែកផ្លូវគមនាគមន៍៖ខូចខាតផ្លូវជាតិ ប្រវែង២.០៧០ម, ផ្លូវខេត្ត ប្រវែង ៣៥.៣០០ម និងខូចផ្លូវនៅក្នុងក្រុងចំនួន២០ខ្សែ ប្រវែងជាង១២គ.ម។ចំណែកផ្លូវលំជនបទ ដែលទទួលរងដោយទឹកជន់លិច ហូរច្រោះ និងដាច់តួផ្លូវ សរុបចំនួន ១១៣ខ្សែ និងមានប្រវែងប្រមាណ១.២៤៣ គ.ម។ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តទូទាំងខេត្តបាត់ដំបង ត្រូវទទួលរងនូវការខូចខាត ដូចជា៖ ទំនប់, អាង, ប្រឡាយមេបេតុង, ប្រឡាយមេ, ប្រឡាយរង ព្រមទាំងសំណង់ស្ទាក់ទឹកជាដើម។ល។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ដើម្បីឆ្លើយតបក្នុងការជួយដោះស្រាយនិងសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងនោះ ក្នុងនោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេងសំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជានិងខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមក្រឡាហោមមនុស្សធម៌ ក្រុមអ្នកម្តាយមនុស្សធម៌ សមាគម ឯកឧត្តមលោកជំទាវ អស់លោកលោកសី្រព្រមទាំងសប្បុរសជននានាទាំងក្នុង និង ក្រៅខេត្ត បានចុះចែកនិងប្រគល់អំណោយជាច្រើនតាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមមាន ថវិកា អង្ករ ព្រមទាំងទឹកសុទ្ធ គ្រឿងឧបភោគ
បរិភោគ និងសម្ភារៈជាច្រើនផ្សេងៗទៀត ។ ហើយតាមរយៈអំណោយដែលបានទទួលទាំងនោះ ក្រុម
ការងារក៏បានធ្វើការបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៨០ពាន់ ៦៩៣គ្រួសារ កន្លង
ទៅរួចហើយផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )