អតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាព
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្រ្តាអ្នកនាំពាក្យសាលាក្តីខ្មែក្រហមបានបញ្ជាក់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នេះថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។
ពាក់ព័ន្ធក្នុងរឿងនេះអ្នកនាំពាក្យសាលាក្តីខ្មែក្រហម ឯកឧត្តមនេត្រ ភក្រ្តា ថ្លែងថា”ខ្ញុំសូមបញ្ជាក់បន្ថែមថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។ សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ហើយសំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង ប្រឆាំង អោ អាន នៅចំពោះមុខ អង្គជំនុំជម្រះវិសាមញ្ញ។ បន្ទាប់ ពីមាន “បណ្តឹងសាទុក្ខ ជាបន្ទាន់ ប្រឆាំង នឹងការរំលត់ជាធរមាននៃ សំណុំរឿង ០០៤/២ របស់ អង្គជំនុំជម្រះសាលាដំបូង” របស់ សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បាន ដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ។ អង្គជំនុំជម្រះតុលាការកំពូល បាន ពិចារណាឃើញថា៖ “បើទោះបី ជាមានការឯកភាពគ្នាពាក់ព័ន្ធ នឹង ចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល ” នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ “ក៏ពុំមានការ ឯកភាពគ្នាឡើយ បន្ទាប់ ពីរយៈ ពេ លដប់បីឆ្នាំនៃកិច្ច ស៊ើប សួរ ដែលថា អោ អាន ស្ថិត ក្នុង យុត្តាធិការ របស់ [អ.វ.ត.ក]ឬយ៉ាងណា”។ អង្គជំនុំជម្រះតុលាការកំពូល បាន សម្រេចថា៖ “ក្នុង ករណី ដែល ពុំ មានដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាក់លាក់ និង អាច អនុវត្តបាននោះ ដូចនេះ រឿង ក្តី ប្រឆាំង នឹង អោ អាន ត្រូវ បញ្ចប់ នៅ ចំពោះមុខ អ.វ.ត.ក”។
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សហចៅក្រមស៊ើបអង្កេត បានចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសារ បន្ទាប់ពីអង្គជំនុំជម្រះតុលាការកំពូល បានចេញ សេចក្តីសម្រេច បញ្ចប់សំណុំរឿងនេះកាលពី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០៕