ម៉ាឡេស៊ីព្យាករណ៍ថា ឧស្សាហកម្មអាកាសចរណ៍ទំនងជាត្រូវការពេល០៣ឆ្នាំដើម្បីងើបចេញពីវិបត្តិ COVID-19
ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍នៅម៉ាឡេស៊ី អាចត្រូវការពេលវេលា០៣ឆ្នាំ ដើម្បីទទួលបានភាពល្អប្រសើរឡើងវិញពីវិបត្តិ COVID-19 ដោយផ្អែកលើការផ្ទុះឡើងនៃវីរ៉ុសនៅក្នុងប្រទេស និងក្រៅប្រទេស នេះបើតាមក្រសួងដឹកជញ្ជូនម៉ាឡេស៊ី ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយ សារតែការរីករាលដាលនៃជម្ងឺ COVID-19 ដោយសារតែរដ្ឋាភិបាលប្រទេសនានាបានបិទព្រំដែន ហើយជើងហោះហើរត្រូវបានផ្អាក ដើម្បីទប់ស្កាត់ករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ បើតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Wee Ka Siong គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ី MAVCOM បានកែសម្រួលការព្យាករណ៍ សម្រាប់ចរាចរណ៍អ្នកដំណើរនៅឆ្នាំ២០២០នេះ ។
គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ីបានរំពឹងថា ចំនួនអ្នកធ្វើដំណើរនឹងមានការធ្លាក់ចុះរហូតដល់៧៥.៦ភាគរយ ដែលមានចំនួនត្រឹមតែ២៦.៦លាននាក់ បើប្រៀបធៀបទៅនឹងចំនួន១០៩.២លាននាក់ នៃអ្នកធ្វើដំណើរដែលមានកាលពីឆ្នាំ២០១៩កន្លងទៅ ៕