ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៧១០គ្រួសារ នៅខេត្តកំពង់ឆ្នាំង បានទទួល ស្រួវពូជ និងពូជបន្លែ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

កំពង់ឆ្នាំង៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជចំនួន១៧១ តោន និងពូជបន្លែ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ប្រជាពលរដ្ឋទាំង ១៧១០គ្រួសារ មកពីស្រុកបរិបូណ៌ចំនួន ២២៥ គ្រួសារ ស្រុកជលគីរី ចំនួន ៥៦៧ គ្រួសារ ស្រុកកំពង់លែងចំនួន ១៥២ គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន ៣២២ គ្រួសារ ស្រុករលាប្អៀរចំនួន ៤១៤ គ្រួសារ និងក្រុងកំពង់ឆ្នាំងចំនួន ៣០ គ្រួសារ ដោយមួយគ្រួសារទទួលបាន ស្រូវពូជ១០០ គីឡូក្រាម និងពូជបន្លែ ៦ មុខ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

រដ្ឋមន្ត្រី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំង និងបានលើកទឹកចិត្ត ជំរុញឱ្យកសិករត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីចៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។ អាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឱ្យខានតែបាន ត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner