ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមប្រធានបទ ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៧ និងកិច្ច-ប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន” តាមប្រព័ន្ធ វីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្តោត ការពិភាក្សាទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ការកំណត់ទិសដៅបន្ទាប់ក្នុង ការស្តារ និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះ ត្រូវបញ្ចប់ ។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងភាគីពាក់ព័ន្ធ ទាំងអស់ ធ្វើការផ្លាស់ប្តូរយោបល់និងផ្តល់ជាធាតុចូលក្នុងការដោះស្រាយលើបញ្ហាសំខាន់ៗ នៅក្នុង តំបន់ និងសកល ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើចំពោះគំនិតផ្តួច ផ្តើមដែលបានបង្កើតថ្មី និងដែលមានស្រាប់ ក្នុងន័យពង្រឹងស្មារតីពហុភាគីនិយម និងការរក្សាបាន នូវអព្យាក្រឹត្យភាពរបស់អាស៊ាន ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញពីគោលជំហរ របស់ប្រទេសវៀតណាម ក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័ន,ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ កូវីដ-១៩, ការស្តារ និងងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច និងបានអំពាវនាវឱ្យប្រទេសអាស៊ានទាំងអស់ ប្រកាន់ខ្ជាប់នូវការរក្សាបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ព្រមទាំងតុល្យភាពរបស់អាស៊ាន នៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចនៅក្នុងតំបន់ ។

ពាក់ព័ន្ធទៅនឹង ជំងឺកូវីដ-១៩, ឯកឧត្តម តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុស អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានធ្វើបទបង្ហាញខ្លីស្តីពីស្ថានភាពជំងឺកូវីដ-១៩ និងបានបញ្ជាក់ថាជំងឺកូវីដ-១៩ មិនទាន់មានភាពថម ថយនៅឡើយទេ ដែលនេះ ទាមទារឱ្យយើងទាំងអស់គ្នាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួម យ៉ាងសកម្មជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នេះ ក៏ដូចជាការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺនេះ ។

ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ឯ,ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបទអន្តរាគមន៍ ដោយផ្តោតជាសំខាន់ទៅលើការប្តេជ្ញាចិត្តដ៏មុតមាំ និងការសន្យារបស់កម្ពុជា ទៅលើចក្ខុវិស័យរួមគ្នា របស់អាស៊ានក្នុងទិសដៅសម្រេចឱ្យបាននូវសមាហរណកម្មរួម ប្រកបដោយភាពរឹងមាំ និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការ, សាមគ្គីភាពនិងប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម និង យន្តការពហុភាគីនិយម ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នេះ ក៏បានអនុម័តដាក់ឱ្យដំណើរការនូវ របាយការ ស្តីពីការត្រួតពិនិត្យវាយតម្លៃឡើងវិញពាក់កណ្តាលអាណត្តិលើផែនការលម្អិតនៃសហគមន៍ អាស៊ាន ឆ្នាំ២០២៥, ក្របខណ្ឌស្តារឡើងវិញគ្រប់ជុ្រងជ្រោយរបស់អាស៊ាន និងស្តុកបម្រុងបរិក្ខារ ពេទ្យតំបន់អាស៊ាន ។ កិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ ផ្តើមពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងបន្តកិច្ចពិភាក្សារហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕ ដោយ វ៉េង លីមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner