ប្រជាកសិករ៣ពាន់២០០គ្រួសារ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃ១២វិច្ឆិកានេះ បានអញ្ជើញតំណាងឲ្យ សម្តេច តេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងចែកស្រូវពូជ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម។
ពិធីចែលស្រូវពូជនោះ ធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋ៣ពាន់២០០គ្រួសារ មកពីស្រុកចំនួន៥ស្រុក មាន១៣ឃុំ ដើម្បីស្ដារឡើងវិញឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០។ តាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងប៉ះពាល់ដល់៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន៣៧១ខ្នងផ្ទះ លិចសាលារៀន ២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំ ប្រមាណ ២៣គីឡូម៉ែត្រ ។ លោកថា ទឹកជំនន់ បានលិចស្រូវចំនួន ២ពាន់៩០៤ហិកតា ស្មើនឹង៣ពាន់៩៣២គ្រួសារ ក្នុងនោះ ខូចខាត៩៦៧ហិចតា ស្មើនឹង៣ពាន់២០០គ្រួសារ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង សម្តេចមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។ លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនស្រូវពូជ ដល់ប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ សម្រាប់ការបង្កបង្កើនផលក្នុងការស្តារឡើវិញ នូវអ្វីដែលជាការខូតខាត ដោយជំនន់ទឹកភ្លៀងកន្លងទៅ។
លោក ហ៊ុន ម៉ាណែត បានចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក ដែលបង្កឲ្យខូចខាតផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកបានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបង្កើតឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
អំណោយរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ចាម ចំនួន ៣២០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕