ថៃ៖ ព្រះសង្ឃប្រឈមនឹងការចាប់ផ្សឹក បើចូលរួមបាតុកម្ម
សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី១២ វិច្ឆិកា ២០២០នេះថា ការិយាល័យពុទ្ធសាសនាបានចេញសេចក្តីបញ្ជាមួយ ហាមឃាត់ព្រះសង្ឃមិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ បើមិនចឹងទេ ប្រឈមនឹងការចាប់ផ្សឹក។
ផ្អែកតាមប្រភព ប្រធានការិយាល័យពុទ្ធសាសនាបាននិយាយថា ការិយាល័យនិងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃ បានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃ និងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយនោះទេ ហើយអ្នកដែលល្មើសនឹងត្រូវចាប់ផ្សឹក។
ការលើកឡើងរបស់លោក Narong Songarom ជាការឆ្លើយតបនឹងការផ្សព្វផ្សាយនិងរូបថតមួយចំនួន ដែលបានបង្ហាញពីវត្តមានរបស់ព្រះសង្ឃ និងលោកនេន បានចូលរួមក្នុងការប្រឆាំងរដ្ឋាភិបាល ដោយព្រះសង្ឃមួយចំនួនបានធ្វើការតវ៉ា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀត ក៏ដោយ។ ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសង្ឃក៏បានលើកបដាដែលទាមទារសិទ្ធិបោះឆ្នោត ខណៈដែលព្រះសង្ឃត្រូវបានហាមឃាត់មិនឱ្យបោះឆ្នោត៕