ការប្រកួតប្រដាល់គុនខ្មែរ និងអត្តពលកម្ម ក្នុងខែវិច្ឆិកា ត្រូវពន្យាពេល
ដោយមានការប្រកួតកីឡាប្រដាល់គុនខ្មែរ និងអត្តពលកម្ម ដែលគ្រោងនឹងធ្វើក្នុងវិច្ឆិកា ត្រូវបានលើកពេល ទៅពេលក្រោយ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាប្រកាសផ្អាកការលេងកីឡាលក្ខណៈប្រមូលផ្តុំ ដោយសារការរកឃើញនូវអ្នកជំងឺកូវីដ-១៩ថ្មីៗបន្ថែម ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានលើកនូវការផ្អាកការលេងកីឡាលក្ខណៈប្រមូលផ្តុំ និងបិទការចេញចូលស្តាតអូឡាំពិក របស់ក្រសួងអប់រំ ដោយការប្រកួតជើងឯកថ្នាក់ជាតិនេះត្រូវលើកពេលរហូតដល់មានការជូនដំណឹងជាថ្មី។ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២០ គ្រោងនឹងធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារមានការជូនដំណឹងជាថ្មី ពីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទើបសហព័ន្ធជំនាញមួយនេះផ្អាកការប្រកួតជាបណ្តោះអាសន្ន។ ដោយឡែក សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រកាសជូនដំណឹង ដល់សមាគម ក្លិបកីឡាអត្តពលកម្មគ្រប់ក្រសួង ស្ថានប័ន មន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងអស់ថា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ សហព័ន្ធបានពន្យាពេលការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកា ៕