គំនូរគ្រាប់អង្ករ
ស្ត្រីខ្មែរឥស្លាមម្នាក់ មានគំនិតច្នៃប្រឌិត បានយកគ្រាប់អង្ករមកផ្គុំឡើងដោយដៃយ៉ាងផ្ចិតផ្ចង់ ធ្វើជាផ្ទាំងគំនូរសិល្បៈផ្សេងៗ តាមការចង់បាន ឬតាមតម្រូវការរបស់អតិថិជន។
អស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលអ្នកស្រីអា អិ សា បានចំណាយពេលលើរបរគំនូរអង្ករមួយនេះ ប៉ុន្តែវាទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ និងទទួលបានការផ្តល់កម្លាំងចិត្តច្រើន ពីអតិថិជន ហើយការលក់វិញគឺនៅមានកម្រិតតិចតួចនៅឡើយ ព្រោះវាមានតម្លៃថ្លៃបន្តិច។
អ្នកស្រីបានអោយដឹងដែរថា គំនូរពីគ្រាប់អង្ករ ខុសពីគំនូរដទៃទៀតត្រង់ថា ត្រូវប្រើពេលយូរក្នុងការចាប់គ្រាប់អង្ករម្តងមួយៗ ផ្ចិតផ្ចង់ក្នុងការតម្រៀបគ្រាប់អង្ករអោយអោយចេញជារូបរាង និងអន់ធ្មត់បំផុត ក្នុងគំនូរមួយផ្ទាំង អាចប្រើពេលពី២ ទៅ៣ថ្ងៃ ឫអាចឡើងទៅមួយសប្តាហ៍ផងទៅតាមគំនូរផ្ទាំងធំឬតូច។
អ្នកស្រី អា អិសា បានរៀបរាប់ពីដំណើរការនៃការធ្វើគំនូរពីគ្រាប់អង្ករយ៉ាងដូច្នេះថា មុនដំបូងគេត្រូវយកអង្ករទៅលាយនឹងជាតិថ្នាំម្យ៉ាង មុននឹងយកវាទៅលីង ដើម្បីបានជាពណ៌ និងជាពិសេសដើម្បីការពារកុំឲ្យមានសត្វល្អិតកាត់ ឫស៊ី ពិសេសថែមទាំងរក្សាបានគុណភាពទុកបានយូរទៀតផង។
ទន្ទឹមនឹងអាជីវកម្មនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រី អា អិសា តែងតែច្នៃប្រឌិតនៅរូបភាពថ្មីៗ ដែលជាទីចាប់អារម្មណ៍មានដូចជា រូបដំរី រូបប្រាសាទអង្គរ ផែនទីស្រុកខ្មែរ ទេសភាពស្រុកស្រែ រូបថតអនុស្សាវរីយ៍ គំនូរអក្សរផ្សេងៗជាដើម ។
អ្នកស្រីថា នឹងចែករំលែកចំណេះដឹងរបស់អ្នកស្រី ទៅយុវជនជំនាន់ក្រោយ ដែលចង់ចេះចង់ដឹងលើជំនាញមួយនេះ។ អ្នកស្រី ក៏បានសំណូមពរទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយផ្សព្វផ្សាយពីវប្បធម៌ និងសិល្បៈគំនូរគ្រាប់អង្ករនេះ ឲ្យបានទូលំទូលាយផងដែរ ដើម្បីលើកតម្លៃស្នាដៃសិល្បៈកូនខ្មែរ៕ (អត្ថបទ៖កញ្ញាខាន់ទិត្យ វីរីយ៉ា)