ក្រសួងសុខាភិបាល៖ប្រាប់មន្រ្តីពាក់ព័ន្ធ ឱ្យយាមកាមបានហ្មត់ចត់ដោយតាមដានអ្នកត្រូវអនុវត្តធ្វើចត្តាឡីស័កបានម៉ឺងមាត់ជាទីបំផុត
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ ៖ ដើម្បីបង្កានិងប្រុងប្រយ័ត្នខ្ពស់ក្នុងកាគ្រប់គ្រងជំងឺកូវីដ-១៩នោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃនេះបានប្រាប់អភិបាលរាជធានី-ខេត្ត ថា ត្រូវចាត់កម្លាំងសមត្ថកិច្ចជួយដល់ ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំង តាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គល នៅតាមមណ្ឌល ចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។
បើយោងតាម លិខិតផ្លូវការមួយរបស់ ឯកឧត្តម ម៉ម ប៊ុនហេង បាន ផ្ញើជូន អភិបាលរាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពប្រគល់ជូនអាជ្ញាធរ ថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ពីការគ្រប់គ្រង ពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅ ដោយត្រូវ៖
ទី១-ចាត់កម្លាំងសមត្ថកិច្ច ជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ក របស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័ក ឲ្យបានម៉ឺងមាត់ជាទីបំផុត។
ទី២-ចាត់កម្លាំងសហការ ជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវ រកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឲ្យបានទៀងទាត់ និងហ្មត់ចត់ ជាទីបំផុត។
ទី៣-ម្យ៉ាងទៀត នៅតាមសណ្ឋាគារ ដែលទទួលធ្វើចត្តាឡីស័ក ត្រូវចាត់ឲ្យមានការយាមកាម ច្បាស់លាស់ ហើយម្ចាស់សណ្ឋាគារ ក៏ត្រូវដាក់អ្នកយាម និងមានការត្រួតពិនិត្យ តាមដានអ្នកធ្វើចត្តាឡីស័ក ឲ្យបានច្បាស់លាស់មិនអនុញ្ញាតឲ្យចេញ ដើររហេតរហូតឡើយ។
ទី៤-ក្នុងករណីដែលពិនិត្យទៅឃើញថា ការអនុវត្តការធ្វើចត្តាឡីស័ក នៅតាមផ្ទះមិនបានត្រឹមត្រូវ ឬប្រសិនបើបុគ្គលនោះមិនមានលទ្ធភាពក្នុងការ ធ្វើចត្តាឡីស័កនៅផ្ទះ ឫនៅសណ្ឋាគារ ទៅតាមការកំណត់ របស់ក្រសួងសុខាភិបាល សូមចាត់បញ្ជូនអ្នកទាំងនោះ មកធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័ករដ្ឋ ដែលបានកំណត់ ដោយក្រសួងសុខាភិបាល ឲ្យបានច្បាស់លាស់។
និងទី៥-ក្នុងករណីមានបុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ក របស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហការអនុវត្តច្បាប់ ទៅតាមបទដ្ឋានគតិយុត្ត ដែលមានជាធរមាន តាមអនុក្រឹត្យលេខ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ នៅតាមច្រកចេញ-ចូល និងតម្រូវឲ្យអនុវត្តការធ្វើចត្តាឡីស័ក សារឡើងវិញឲ្យគ្រប់ចំនួន១៤ថ្ងៃ៕