កុមារក្រីក្រ ៣នាក់ ទទួលបានការលេីកទឹកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះ ព្រែកលាភ
ភ្នំពេញ៖ ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការតស៊ូក្នុងជីវិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឲ្យសហការីចុះសួរសុខទុក្ខ និងលេីកទឹកចិត្ត ព្រមទាំង នាំយកអំណោយមនុស្សធម៌ផ្តល់ជូន កុមារចំនួន ៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡា ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០។
កុមារទាំង ៣នាក់នព រស់នៅភូមិព្រែកតាគង់ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មាន ឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ខាងលេីនេះដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។
ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវការលេីក ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ និងយុវជនដទៃទៀត ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬ ទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម ។ ទន្ទឹមនឹងនេះ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដេីម្បីជីវភាពគ្រួសាររុងរឿង។
កុមារទាំង៣នាក់ខាងលេីនេះ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្ត និងផ្តល់ការសន្តោសប្រណី ហេីយពួកគេបានប្តេជ្ញាអនុវត្តតាមការ ទូន្មានរបស់ មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ ធ្វេីជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។
ដេីម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់ គ្រួសារកុមារនីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស , ត្រីខ ២០កំប៉ុង , ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត, កញ្ចប់អាហារ ១កញ្ចប់, កាបូបស្ពាយ ១ និងថវិកា ៥០០.០០០រៀល៕