រយៈពេល១០ខែឆ្នាំ២០២០នេះ ការលក់រថយន្តរបស់វៀតណាមធ្លាក់ចុះ១៨ភាគរយ បើធៀបនឹងឆ្នាំមុន
វៀតណាម៖ សមាគមអ្នកផលិតរថយន្តវៀតណាមបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ ការលក់រថយន្តសរុបរបស់វៀតណាមមានចំនួន២១ម៉ឺន២ពាន់៤០៩គ្រឿង ខណៈតួលេខនេះមានការធ្លាក់ចុះ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ នេះបើតាមសារព័ត៌មានស៊ិនហួនយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំនេះ វៀតណាមក៏បានចំណាយថវិកាជាង៤.៨ពាន់លានដុល្លារ លើការនាំចូលរថយន្ត និងគ្រឿងសម្រាប់បង្គំផងដែរ ដែលតួលេខនេះមានការធ្លាក់ចុះ២១.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
សូមបញ្ជាក់ថា ការលក់រថយន្តដឹកអ្នកដំណើរបានធ្លាក់ចុះ១៨ភាគរយ ដែលមានចំនួន១៥ម៉ឺន៥ពាន់៦៦៣គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រថយន្តពាណិជ្ជកម្ម ដូចជារថយន្តដឹកទំនិញ និងរថយន្តក្រុងបានធ្លាក់ចុះ១៧ភាគរយ មានចំនួន៥ម៉ឺន៣ពាន់៧១១គ្រឿង និងរថយន្តប្រើប្រាស់ក្នុងគោលបំណងពិសេសបានធ្លាក់ចុះ៣២ភាគរយ មានចំនួន៣ពាន់៣៥គ្រឿង ៕