ព្យុះទីហ្វុង Vamco បង្កអោយមានទឹកជំនន់ធ្ងន់ធ្ងរក្នុងរដ្ឋធានីម៉ានីល ខណៈចំនួនអ្នកស្លាប់កើនដល់១១នាក់ និង០៩នាក់ទៀតបាត់ខ្លួន
ហ្វីលីពីន៖ សារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃសុក្រនេះថា ព្យុះទីហ្វុង Vamco ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន បានបង្កឲ្យមានគ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល និងតំបន់តមួយចំនួនទៀតនៅលើកោះលូហ្សូន ជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ ព្រមទាំងមនុស្សស្លាប់កើនដល់១១នាក់ និង០៩នាក់ទៀតបាត់ខ្លួន ។
ប្រភពបានឱ្យដឹងថា ព្យុះទីហ្វុន Vamco ក៏បានការផ្តាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ នៅផ្នែកជាច្រើននៃទីក្រុងម៉ានីល និងខេត្តជាច្រើនទៀតផងដែរ ។ បើតាមទីភ្នាក់ងារឧតុនិយមហ្វីលីពីន កម្លាំងខ្យល់បក់នៃព្យុះនេះមានចន្លោះពី១៣០ទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាកំពុងរំកិលឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង ។
សូមជម្រាបថា Vamco គឺជាព្យុះទីហ្វុនទី៣ហើយ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ចាប់តាំងពីយប់ថ្ងៃពុធសប្តាហ៍នេះ និងនាំមកនូវខ្យល់បោកបក់យ៉ាងសន្ធប់ លាយឡំនិងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅតាមតំបន់ដែលធ្លាប់រងការវាយប្រហារ ដោយព្យុះទីហ្វុង ហ្គោនី កាលពីដើមខែតុលាកន្លងទៅ ៕