ឯកឧត្តម សូ ម៉ារ៉ា និងអាជ្ញាធរខណ្ឌដូនពេញ ចុះចែកម៉ាស់ដោយផ្ទាល់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ និងប្រជាពលរដ្ធដល់ផ្ទះ ដើម្បីការពារជម្ងឺកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ និងអាជ្ញាធរខណ្ឌដូនពេញ ចុះចែកម៉ាស់ដោយផ្ទាល់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ និងប្រជាពលរដ្ធដល់ខ្នងផ្ទះ ដើម្បីការពារជម្ងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម សួន រិនឌី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមន្រ្តីជាច្រើននាក់ទៀត ។
ការចែកម៉ាស់តាមផ្លូវសាធារណះ និងដល់ខ្នងផ្ទះប្រជាពលរដ្ធនាពេលនេះ គឺដើម្បីជាការរំលឹកប្រជាពលរដ្ឋ ឱ្យពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរ និងប្រជាពលរដ្ធ ឯកឧត្តម សូ ម៉ារ៉ា ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាពពោលគឺ ត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ-១៩ ។
លោកសុខ ពេញវុធ បានឱ្យដឹងដែរថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ-១៩ ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ប្រមុខដឹកនាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ ៕ដោយ៖ គ្រី សម្បត្តិ