សមាជិកសភាបក្សសាធារណរដ្ឋបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ គួរតែអនុញ្ញាតអោយក្រុមលោក បៃដិន ទទួលបានព័ត៌មានសម្ងាត់នានា
អាមេរិក៖ សារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃសុក្រនេះថា សមាជិកសភាបក្សសាធារណរដ្ឋជាច្រើនរូប នៅថ្ងៃព្រហស្បតិ្តនេះ បាននិយាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ គួរតែអនុញ្ញាតអោយលោក ចូ បៃដិន ទទួលបានព័ត៌មានលំអិត ទាក់ទិននឹងទិន្នន័យស៊ើបការណ៍សម្ងាត់ ។
ការលើកឡើងបែបនេះហាក់បង្ហាញថា ពួកគេបានទទួលស្គាល់ថា លោក ចូ បៃដិន នឹងចូលកាន់កាប់សេតវិមានក្នុងពេលឆាប់ៗខាងមុខនេះ បើទោះបីជាលោក ដូណាល់ ត្រាំ មិនទទួលស្គាល់បរាជ័យរបស់ខ្លួនក៏ដោយ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានហាមឃាត់ក្រុមមន្ត្រីរបស់លោក មិនអោយធ្វើកិច្ចសហការជាមួយក្រុមមន្ត្រីរបស់ លោក ចូ បៃដិន ឡើយ ស្របពេលលោកកំពុងតវ៉ាជំទាស់លទ្ធផលបោះឆ្នោតតាមផ្លូវតុលាការ ។
សូមជម្រាបផងដែរថា ជាទូទៅ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកតែងតែទទួលបាននូវព័ត៌មានលំអិត ស្តីពីព័ត៌មានសំងាត់នានា ដើម្បីស្វែងយល់ពីការគំរាមកំហែងទាំងឡាយ ដែលត្រូវប្រឈមមុនពេលឡើងកាន់តំណែងជាប្រធានាធិបតីផ្លូវការ ៕