កងទ័ពឥណ្ឌា និងប៉ាគីស្ថានផ្ទុះសង្គ្រាមកាំភ្លើងធំនៅតំបន់កាស្មៀ បណ្តាលអោយមនុស្ស១៣នាក់ស្លាប់ និងរងរបួសជាច្រើននាក់
ឥណ្ឌា៖ កងកម្លាំងឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃសុក្រនេះ បានធ្វើសង្គ្រាមកាំភ្លើងធំដ៏ខ្លាំងនៅតំបន់សងខាងព្រំដែនកាស្មៀរវាងប្រទេសទាំងពីរ ហើយជាលទ្ធផលនោះ មានមនុស្សស្លាប់យ៉ាងតិច១៣នាក់ និងរាប់សិបនាក់ទៀតរងរបួស នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អ្នកនាំពាក្យយោធា និងប៉ូលិសឥណ្ឌាបានបញ្ជាក់ថា ទាហានឥណ្ឌា៤នាក់និងជនស៊ីវិល៤នាក់បានស្លាប់ ហើយមនុស្ស១២នាក់ទៀតរងរបួស ។ រីឯប៉ាគីស្ថានវិញនិយាយថា មនុស្ស៥នាក់ស្លាប់ និង៣១នាក់រងរបួសនៅខាងទឹកដីរបស់ខ្លួន ។ ភាពតានតឹងខាងលើនេះ បានកើតឡើង០៣ថ្ងៃក្រោយពីទាហានឥណ្ឌា៣នាក់និងជនសកម្មប្រយុទ្ធ៣នាក់ត្រូវបានសម្លាប់ ក្នុងការបាញ់តគ្នានៅតាមព្រំដែនកាស្មៀ ។
ការប្រយុទ្ធគ្នាចុងក្រោយនេះបានផ្ទុះឡើងកាលពីដើមថ្ងៃសុក្រ ដោយភាគីទាំងពីរចោទប្រកាន់គ្នាថា បាញ់ផ្លោងបង្ករឿង ហើយការបាញ់ផ្លោងបានបន្តដល់យប់ ។ ការប៉ះទង្គិចគ្នាដោយកាំភ្លើងធំ និងកាំភ្លើងយន្តត្រូវបានរាយការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកប្រទេសគូប្រជែងមានសព្វា វុធនុយគ្លេអ៊ែរទាំងពីរនេះ ៕