អាវុធហត្ថរាជធានីភ្នំពេញ ដឹកជញ្ជូនម៉ាសអំណោយរាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ និង បន្តការចែកម៉ាស ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ជំនួយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុប១២មុខ ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវី-១៩ ។ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលភារកិច្ចជួយ ដឹកជញ្ជូនម៉ាស ចេញពីសាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរៀបចំដឹកជញ្ជូនតាមយន្តហោះ បញ្ជូនទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
អាវុធហត្ថរាជធានីភ្នំពេញ បន្តបេសកកម្ម ចុះចែកម៉ាស ដល់ប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី៤ តាមគោលដៅក្នុងខណ្ឌចំនួន៤ កែងពេទ្យលោកសង្ឃ ត្រង់ចំណុចស្ពាន៧មករា ក្នុងខណ្ឌសែនសុខ ព្រំប្រទល់ជាមួយ ខណ្ឌទួលគោក ចែកដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ និងគោលដៅផ្សេងទៀត ក្នុងខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល ចែកដោយក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដោយមានប្រើប្រាស់ម៉ូតូកង់បី ចំនួន១២គ្រឿង បំពាក់ ឧគ្ឃោសនសព្ទ ផ្សព្វផ្សាយសារសម្លេង ពីរបៀបប្រើប្រាស់ម៉ាស និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លង កូវីដ១៩ ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាស់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សរុបចំនួន៤ម៉ឺនម៉ាសចែក ជូនដល់ប្រជាពលរដ្ឋអស់ជាស្ថាពរ៕