លោក ដូណាល់ ត្រាំ នៅតែអះអាងដោយគ្មានភស្តុតាងថា លោក ចូ បៃដិន ទទួលជ័យជម្នះដោយសារតែការលួចបន្លំសន្លឹកឆ្នោត
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកមិនបានទទួលស្គាល់អ្វីទាំងអស់ និងនៅតែអះអាងដោយគ្មានភស្តុតាងថា មានការលួចបន្លំនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារថា គាត់ (សំដៅលើលោក បៃដិន) ទទួលបានជ័យជម្នះ ព្រោះការបោះឆ្នោតមានការលួចបន្លំ…. គាត់ឈ្នះដោយនៅតែក្នុងក្រសែភ្នែក ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយតែប៉ុណ្ណោះ… ខ្ញុំគ្មានអ្វីត្រូវទទួលស្គាល់នោះទេ យើងនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរ… វាគឺការបោះឆ្នោតត្រូវបានលួចបន្លំ ។
សូមជម្រាបផងដែរថា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតាមទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក ។ បើតាមសេចក្ដីរាយការណ៍បឋមនោះ នៅក្នុងការតវ៉ានេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សប្រមាណ២០នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោក ត្រាំ និងក្រុមអ្នកប្រឆាំងលោក ត្រាំ ៕