កសិដ្ឋានចិញ្ចឹមគោ របស់ក្រុមហ៊ុនអានស៊ីន បានផ្តល់នូវបទពិសោធន៍គន្លឹះដល់កសិករថា៖ បើចង់ឲ្យការចិញ្ចឹមសត្វទទួលបានផលល្អប្រសើរ គឺទាមទារតម្រូវឲ្យធ្វើអនាម័យសត្វ និងផ្តល់នូវការចាក់វ៉ាក់សាំងដល់សត្វឲ្យបានទៀងទាត់

រយៈពេលជាង២ឆ្នាំ កន្លងមកនេះ កសិដ្ឋានចិញ្ចឹមគោសាច់ និងមាន់ស្រែ របស់ ក្រុមហ៊ុនអានស៊ីន ដែលមានទីតាំងស្ថិតនៅ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែទទួលបាននូវបទពិសោធន៍បច្ចេកទេស ក្នុងការចិញ្ចឹមសត្វប្រកបដោយភាពជោគជ័យក្នុងកសិដ្ឋានរបស់ខ្លួន តាមរយៈការចិញ្ចឹមគោសាច់និងមាន់ស្រែ
ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅខេត្តខណៈដែលនៅតាមភូមិស្រុក និងបណ្ដាខេត្តនានាកំពុងមានការផ្ទុះជម្ងឺកើតឡើងទៅលើសត្វគោក្របី ហើយរហូតថែមទាំងបណ្ដាលឲ្យសត្វងាប់ទៀតផង ដោយសារតែការធ្វេសប្រហែសពីម្ចាស់ផ្ទាល់។

ដោយមើលឃើញពីភាពខ្វះចន្លោះខាងលើនោះអ្នកជំនាញចិញ្ចឹមសត្វគោបានលើកឡើងថា៖ ” បើបងប្អូនយើងចិញ្ចឹមសត្វ ទៅតាមរបៀបយថាកម្ម បែបធម្មជាតិនៅពេលដែលយើងទួលផលមកវិញ ក៏តាមយថាផលផងដែរ”។ ដូចនេះដើម្បីឲ្យការចិញ្ចឹមសត្វគោរបស់បងប្អូនប្រជាកសិករ ឬបងប្អូនមានគោលបំណងចង់ចិញ្ចឹមលក្ខណៈធ្វើអាជីវកម្ម និងចង់ឲ្យការចិញ្ចឹមរបស់ខ្លួនទទួលបាន នូវលទ្ធផលល្អដោយមិនមានកើតជំងឺផ្សេងៗគឺអ្នកចិញ្ចឹមសត្វ មិនត្រូវខ្ជិលក្នុងការធ្វើអនាម័យថែទាំដល់សត្វទាំងនោះទេ? ហើយអ្នកចិញ្ចឹម? ក៏ត្រូវផ្ដល់វាក់សាំងដល់សត្វទាំងនោះឲ្យបានទៀតទាត់។ ជាពិសេស ក៏ទាមទារឲ្យមានការស្វែងយល់ដឹងពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វទាំងនេះ ឲ្យបានត្រឹមត្រូវផងដែរ ។

តាមរយៈនៃការផ្តល់នូវបទពិសោធន៍របស់កសិដ្ឋានចិញ្ចឹមគោនិងមាន់ស្រែរបស់ក្រុមហ៊ុនអានស៊ីនហើយដែលមានលោក ធី រ៉ាវុធ ជាម្ចាស់កសិដ្ឋានអានស៊ិន ស្ថិតនៅក្នុងភូមិបត់សាលា ឃុំឈើទាល បានលើកឡើងថាកន្លងទៅនេះបើទោះបីជាទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្តី ក៏នៅក្នុង “កសិដ្ឋានអានស៊ិន” ពុំមានផ្ទុះកើតឡើង នូវ ជំងឺអ្វី លើសត្វនៅក្នុងកសិដ្ឋានរបស់ខ្លួននោះទេ ក្នុងខណៈពេលដែលកសិដ្ឋានរបស់លោកមានគោដល់ទៅរាប់រយក្បាល និងមាន់រាប់ពាន់ក្បាល យ៉ាងណាក៏ដោយ នោះ។

ខណៈពេលដែលនៅតាមបណ្តាភូមិឃុំស្រុកមួយចំនួនតាមបណ្ដាខេត្ត កំពុងតែមានការផ្ទុះ នូវជំងឺរាតត្បាតកើតឡើងលើសត្វគោ-ក្របីរហូតបានបណ្ដាលឲ្យសត្វទាំងនោះងាប់ទៀតផង។ ក្នុងនេះ អ្នកជំនាញចិញ្ចឹមសត្វគោ ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖ ដើម្បីឲ្យការចិញ្ចឹមសត្វគោទទួលលទ្ធផលល្អ និងមិនមានកើតជំងឺផ្សេងៗ អ្នកចិញ្ចឹមមិនត្រូវខ្ជិលធ្វើអនាម័យដល់សត្វទាំងនោះទេ ត្រូវផ្ដល់វាក់សាំងឲ្យបានទៀតទាត់ ជាពិសេសការចិញ្ចឹមក៏យកចិត្តទុកដាក់ស្វែងយល់ចេះដឹងពីបច្ចេកទេសឲ្យបានត្រឹមត្រូវទៀតផង។ ហើយការដែលក្នុងកសិដ្ឋាននេះ ពុំមានផ្ទុះជំងឺនោះ ដោយសារពេលទិញគោចូលក្រោល មានប្រភពច្បាស់លាស់។និងធ្វើក្រោលដាក់គោទាំងនោះ ឲ្យនៅដោយឡែកមួយរយៈសិន។គោដែលទើបនាំចូលពីក្រៅទាំងនេះ គឺ៖ឲ្យវារស់នៅក្នុងក្រោលដាច់ដោយឡែកស្ថិតក្នុងក្រោលចត្តាឡីស័ក ចាប់ពី១៤ទៅ២១ថ្ងៃ ដោយធ្វើការចាក់វ៉ាក់សាំងផ្សេងៗ និងការរៀបចំក្រោលសម្រាប់គោដេកឲ្យបានល្អរួមទាំងការឲ្យចំណីស៊ីបំប៉នគ្រប់គ្រាន់ជាដើម …. ។

តាមរយៈឆ្លងកាត់នូវវិបត្តិជាសកលពីការរាតត្បាតជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ-19 និងគ្រោះធម្មជាតិដោយទឹកជំនន់កន្លងមក បង្កឲ្យមានផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករធ្វើឲ្យដំណាំស្រែចម្ការបងប្អូនទាំងនោះរងការខូចខាតធ្ងន់ធ្ងរ ក៏កសិដ្ឋានរបស់លោកនៅតែបន្តអាជីវកម្មបានល្អប្រសើរ។ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ហើយវាក៏ជាឱកាសឲ្យកសិដ្ឋានរបស់លោកទទួលបានជោគជ័យលើទីផ្សារនានាក្នុងស្រុកផងដែរ។

ជាមួយគ្នានេះលោក ធី រ៉ាវុធ ក៏បានបន្ថែមថា៖ ក្រោយពេលទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ បច្ចុប្បន្ននេះ កសិដ្ឋានរបស់លោកកំពុតែងរៀបចំក្នុងការពង្រីកនូវទីតាំងចិញ្ចឹមសត្វថែមទៀត ដែលមានទំហំផ្ទៃដីប្រមាណជាង២០ហិកតា ដែលអាចដាក់គោបានរាប់ពាន់ក្បាលផងដែរ។ លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ ការចិញ្ចឹមគោ និងមាន់ស្រែរបស់កសិដ្ឋានក្រុមហ៊ុនអានស៊ីននេះ គឺ៖សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក និងមាននាំចេញទៅក្រៅប្រទេស ផងដែរ ។

លោក ធី រ៉ាវុធ បាន បន្តទៀតថា៖បច្ចុប្បន្នកសិដ្ឋា ន លោកបាន ផ្គត់ផ្គង់ គោ សាច់ទៅកាន់ ទីផ្សារ ធំៗដូចជា ទីផ្សារ នានានៅក្នុង ខេត្ត និងតាម បណ្តារាជធានីភ្នំពេញ ខេត្តសៀមរាប ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ និង ខេត្តកំពង់ធំជាដើម…។ លោកប្រធានកសិដ្ឋានរូបនេះក៏ឲ្យដឹងផងដែរពីតម្លៃ គោ សាច់ ក្នុង១ក្បាល លក់ ចេញ ចាប់ពី តម្លៃ៨០០ទៅ១.២០០ដុល្លារ ។ ដោយឡែក គោ ឈ្មោលពូជ ឆា ឡេ ប៊្រាម៉ាន់ជាដើម…។ក៏មានម៉ូយ បញ្ជា ទិញ អស់ៗ ដោយនាំចេញទៅ កាន់ ទីផ្សារប្រទេស វៀតណាមផងដែរ បើទោះស្ថិតក្នុងស្ថានភាព ជាសកលពី ជំងឺ កូដ-១៩ កើតមានកន្លងមក ក៏ មិនមាន ប៉ះពាល់ធ្ងន់ធ្ងរ ឡើយ ដល់កសិដ្ឋាននេះឡើយ។

បច្ចុប្បននេះ ក្រុមហ៊ុនអានស៊ិន គឺជា៖កសិដ្ឋានមួយដែលបានបោះទីតាំងចិញ្ចឹមសត្វ ដ៏ធំមួយនៅក្នុងខេត្តបាត់ដំបង ដោយកសិដ្ឋាននេះមានចិញ្ចឹមគោ ពពែ ទានិងមាន់ស្រែ។ព្រមទាំង ធ្វើការបង្កាត់ពូជ ភ្ញាស់ពងកូន សម្រាប់ចែកចាយលក់កូន និងមាន់សាច់ផងដែរ។មិនតែប៉ុណ្ណោះ កសិដ្ឋាននេះ ក៏បានផ្ដល់នូវការងារជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង ក្នុងតំបន់ទាំងនោះ ទៀតផង។ហើយកន្លែងកសិដ្ឋាននេះ ក៏ជាទីតាំងសម្រាប់រៀននិងបង្រៀនពីបច្ចេកទេសចិញ្ចឹមសត្វ ដល់ប្រជាកសិករ ដែលមកពីសហគមន៍នានា ដោយមានអ្នកជំនាញបទពិសោធន៍ទាំងជនជាតិខ្មែរនិងជនជាតិជប៉ុន ផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner