សំណុំរឿង«៩វិច្ឆិកា»ត្រូវតុលាការសម្រេចបន្តសវនាការលើជនជាប់ចោទ ១៣៩នាក់ ទៅថ្ងៃទី១៤ ខែមករា និងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ខាងមុខ

ភ្នំពេញ៖ រយៈពេល១ព្រឹកនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោយពីបើកសវនាការអស់សាលាដំបូងរាជធានីភ្នំពេញ មិនទាន់សម្រេចយ៉ាងណា នៅឡើយទេ ដោយប្រកាសថា នឹងបន្តជំនុំជម្រះលើជនជាប់ចោទ ១៣៩នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ (ផែនការ៩វិច្ឆិកា) របស់ទណ្ឌិត សម រង្ស៉ីនោះ នៅថ្ងៃទី១៤ ខែមករា និងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បន្តទៀត។

លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យបានដឹងថា សំណុំរឿងដែលលើកយកមកសវនាការព្រឹកមិញនេះ មានចំនួន០៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប១៣៩រូប។

លោកអះអាងថា នាព្រឹកមិញ មានជនជាប់ចោទចូលក្នុងសវនាការតែ ៣៤រូបប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទសរុប១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា២សំណុំរឿងវិញ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា សំណុំរឿងទី១ នឹងបន្តសវនាការនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ និងសំណុំរឿងទី២ នឹងបន្តសវនាការ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងរបស់ក្រុមប្រឆាំងដែលមានរហូតដល់១៣៩នាក់ ពាក់ព័ន្ធករណីការចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ (ព្រឹត្តិការណ៍ ៩ វិច្ឆិកា) របស់ទណ្ឌិត សម រង្ស៉ី។ សវនាការនេះដែរ មានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះលោក កើត សាំង និងលោក អ៉ឹម វណ្ណ: ជាចៅក្រមប្រឹក្សា។

ក្នុងអង្គសវនាការនោះ តុលាការបានសាកសួរសាវតាជាតិរបស់ជនជាប់ចោទចំនួន៣៤នាក់ ដែលចូលសវនាការ ក្នុងចំណោមជនត្រូវចោទទាំងអស់ ហើយក្នុងចំណោមជនជាប់ចោទ៣៤ នាក់នោះ មានអ្នកខ្លះមានតែឈ្មោះតែគ្មានដីការ អ្នកខ្លះទៀតមិនមានឈ្មោះ ខុសឈ្មោះជាដើម ធ្វើឲ្យសវនាការនេះ អូសបន្លាយពេលវេលាផងដែរ។

គួររំលឹកថា ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដីកាកោះហៅនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទ នៅអតីតស្នាក់ការអតីតគណបក្សសង្គោះជាតិ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក៏ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំមុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕ ដោយ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner