កូរ៉េខាងជើងគំរាមកូរ៉េខាងត្បូងសាជាថ្មីទៀតថា នឹងរងការឈឺចាប់ បើសិនមិនបញ្ឈប់ក្រុមបង្ហោះសារប្រឆាំងទីក្រុងព្យុងយ៉ាង
កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានគំរាមចាត់វិធានការដែលពោលពេញដោយការឈឺចាប់ និង វិប្បសារីប្រឆាំងជាមួយកូរ៉េខាងត្បូង ដោយសារតែមិនអាចបញ្ឈប់សកម្មភាពក្រុមបង្ហោះសាររិះគន់របបដឹកនាំក្រុងព្យុងយ៉ាង នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរបាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។
ការព្រមានរបស់ទីក្រុងព្យុងយ៉ាងខាងលើនេះ ធ្វើឡើងស្របកូរ៉េខាងជើងបានចាត់ទុកថា ការបណ្តែតបណ្តោយឲ្យរឿងបែបនេះកើតឡើង គឺជាការបំផ្លាញចោលនូវអ្វីៗដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសាងរួមគ្នាកន្លងមក ។
នាពេលថ្មីៗនេះ កូរ៉េខាងជើងក៏បានប្រកាសដែរថា ខ្លួននឹងកាត់ផ្តាច់រាល់ខ្សែបណ្តាញធ្វើទំនាក់ទំនងអន្តរកូរ៉េនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះកូរ៉េខាងត្បូង ដែលមិនព្រមបញ្ឈប់សកម្មភាពក្រុមបង្ហោះសារប្រឆាំងក្រុងព្យុងយ៉ាង នៅតាមព្រំដែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ ។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់កូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចាត់វិធានការ ដើម្បីទប់ស្កាត់សកម្មភាពបង្កវិវាទនេះ ប៉ុន្តែត្រូវបានគេមើលឃើញថា មិនទាន់មានប្រសិទ្ធភាពឡើយ ៕