ឯកឧត្តម អ៊ិត សំហេង ជំរុញឲ្យប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល, រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានជំរុញអោយប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។ ឯកឧត្តមរដ្ឋមន្រ្តី ប្រកាសបែបនេះក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ
ក្នុងខណ្ឌបឹងកេងកង ចំនួន១៩២គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណវិទ្យាល័យជាស៊ីមបឹងកេងកង។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបន្ថែមអោយដឹងថា បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាឲ្យបាននូវវិធានការណ៍អនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាសរៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុល អោយបានញឹកញាប់។ ឯកឧត្តមរំលឹកថាកូវីដ-១៩ គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមាន រឺអ្នកក្រ ចាស់ រឺក្មេង សុទ្ធតែអាចប្រឈមនឹងការឆ្លង ប្រសិនណាមិនបានការពារអោយបានខ្ជាប់ខ្ជួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមអោយដឹងថា តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀង ដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ដូចជាពីសំណាក់ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ។

ក្នុងឱកាសនេះឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់  បន្តរក្សានូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩  ដែលកំពុងរីករាលដាលនេះ ដេីម្បីបងប្អូនមានសុខភាពល្អ។ ចំពោះអំណោយដែលត្រូវចែក ជូនប្រជាពលរដ្ឋក្រីក្រទាំង១៩២គ្រួសារនេះ ដោយ០១គ្រួសារទទួលបានសម្ភារដូចជា៖

-អង្ករ ១០គីឡូក្រាម, -ទឹកត្រី ០១ដប , -ទឹកស៊ីអ៊ីវ ០១ដប , -ត្រីខ ០២កំប៉ុង , -ស្ករស ០១គីឡូក្រាម, – អំបិល ០១គីឡូក្រាម,
-មី ១០កញ្ចប់ , -សាប៊ូ ០១ដុំ, – ម៉ាស ១០សន្លឹក, -ក្រមា ០១ , -អាល់កុល ០១ដបតូច, -ថវិកា ២០ ០០០រៀល ក្នុង១គ្រួសារ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner