អភិបាលខេត្តសៀមរាប ជួបសំណេះ សំណាលជាមួយរដ្ឋបាលក្រុង និងសង្កាត់ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរការងារជាក់ស្តែង
សៀមរាប៖ នៅពីព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងសៀមរាប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្ត បានជម្រាបអំពីគោលបំណងនៃការជួបសំណេះ សំណាល រួមមាន៖ ១.ការងារសន្តិសុខរួមមាន ការងារបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ល្បែងស៊ីសង ២.ការផ្ដល់សេវានៅច្រកចេញចូលតែមួយ ៣. ការប្រើប្រាស់មូលនិធិសង្កាត់ ជាពិសេស ៤. ការក្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ អាជ្ញាធរមូលដ្ឋាន។
ក្រោយពីបានស្តាប់នូវការរាយការណ៍របស់ លោកប្រធានក្រុមប្រឹក្សា អភិបាលក្រុង អធិការនគរបាលក្រុង ចៅសង្កាត់ និងមន្ត្រីរាជការរដ្ឋបាលក្រុងរួចមក ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់អនុសាសន៍ និងណែនាំដូចខាងក្រោម៖
១. ចំពោះការងារសន្តិសុខ គណៈបញ្ជាការឯកភាពក្រុងត្រូវយកចិត្តទុកដាក់ ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង ដោយមានផែនការអនុវត្តជាប្រចាំ។
២. លើកទឹកចិត្តអោយរដ្ឋបាលក្រុង និង រដ្ឋបាលសង្កាត់ បន្តបើកផ្លូវតាមផែនការគ្រោងទុក។
៣. ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ត្រូវសហការស្រង់ស្ថិតិ រឺម៉ក(រ៉ឺម៉កសណ្តោង និងរឺកម៉កកង់បី PassApp) ដើម្បីពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់អាវកាក់។
៤. រដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់លើការសំអាតដី ឬធូលីតាមថ្នល់ ក្រោយពីទទួលបានរថយន្តបោសសំអាតថ្នល់ពីរដ្ឋបាលខេត្ត
៥. រដ្ឋបាលក្រុង ត្រូវជំរុញការផ្សព្វផ្សាយព័ត៌មានចំពោះសកម្មភាព និងសមិទ្ធផលដែលរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់បានខិតខំប្រឹងប្រែងអនុវត្ត។
៦. បន្តផ្សព្វផ្សាយ និងជំរុញអោយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតអោយមកដាក់ពាក្យស្នើសុំដើម្បីទទួលការវាយតម្លៃចំណាត់ថ្នាក់គ្រួសារក្រីក្រ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់រថយន្តបោសសំអាតក្រុង ជូនដល់រដ្ឋបាលក្រុងសៀមរាប ចំនួន១គ្រឿងផងដែរ៕ធ.ដ