សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើង មានចំនួនតិចតួចក៏ដោយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រាប់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ ។

ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុតដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។

សម្តេចតេជោ បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ ប្រើម៉ាសពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែសឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។

សម្ដេចបញ្ជាក់ថា ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ ២១៦ ប្រទេស គឺមានអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើង 7,410,510 នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 418,294 នាក់ដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុងឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner