សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីប្រកាសតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាផ្លូវការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាផ្លូវការ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីក្នុងកងយោធពលខេមរភូមិន្ទ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ ៕