កសិដ្ឋានចិញ្ចឹមគោយក​ទឹកដោះគីរីសួគ៍មានសមត្ថភាពផលិតទឹកដោះបាន៨ពាន់លីត្រក្នុង១ថ្ងៃសំរាប់ផ្គត់ផ្គង់ទីផ្សារ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគីរីសួគ៍ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាទីខេត្តតាកែវ បច្ចុប្បន្ននេះ អាច​មាន​សម្ថភាព​​​​ផលិត​ទឹកដោះគោបាន៨ពាន់លីត្រនៅក្នុង១ថ្ងៃ ឬស្មើរនិង២៤០០០០​លីត្រ​(ពីរសែន​បួនម៉ឺនលីត្រ)​នៅក្នុង១ខែ ។ គោដែលនាំយកមកពីក្រៅប្រទេស និងយកមកចិញ្ចឹមក្នុងស្រុក រហូតមកទល់និងពេលនេះមានចំនួនជិត៨០០ក្បាល ខណៈ​ដែល​គោអាចយកទឹកដោះបានមានចំនួន ជាង៤៥០ក្បាល។ នេះបើតាមការបញ្ជាក់ពី លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋានគិរីសួគ៌។លោកបានបញ្ជាក់ឱ្យដឹងបន្តថា ជាមួយនិងសមត្ថភាព​នៃការផលិតកើនឡើងខ្ពស់ ជាលំដាប់ក៏ដោយ ប៉ុន្តែតម្រូវការនៃការ​ផ្គត់ផ្គង់ដល់​អតិ​ថិ​ជន​​នៅក្នុង​ស្រុក​គឺនៅមានកម្រិតនៅឡើយ ។ នៅមានកម្រិតគឺដោយសារតែ ការផ្គត់ផ្គង់ទីផ្សារនៅក្នុងមិន​ទាន់គ្រប់​គ្រាន់​នៅឡើយ ការបញ្ជាទិញមានការកើនឡើងក្រោយពីការប្រើប្រាស់របស់អថិជនឃើញថាល្អ ប្រកបដោយគុណភាព និងគុណ​​ប្រយោជន៍​ដល់សុខភាពខ្ពស់។

លោក ឈរ រិទ្ធី បានបញ្ជាក់ឱ្យដឹងបន្តថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបទាន់សម័យ ធំជាងគេ និងដំបូងបង្អស់នៅកម្ពុជា បានប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែលទាំងការចិញ្ចឹម នៅលើផ្ទៃដី  សរុប៣០០ ហិកតា ក្នុងនោះផ្ទៃដីសំរាប់ដាំស្មៅ ធ្វើជាចំណីមានរហូតដល់ទៅ ២០០ហិកតា ហើយក្នុងនោះរចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រព (ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត) ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ (Pasteurized milk) និងស្រះស្តុកទឹក (២២ ០០០ម៉ឺនម៉ែត្រគូប)។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល និងសហកាចុះពិនិត្យមើលសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៍ ។ ក្នុងឱកាសអញ្ជើញទៅទស្សនៈកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ ឯកឧត្តម កៅ ថាច បានសម្តែងនូវបីតិសោមនស្សរីករាយ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន រហូត​​សម្រេច​ទទួលបានជោគជ័យ ហើយភាពជោគជ័យនេះមិនអាចកាត់ផ្តាច់បានពីការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា គម្រោងនេះពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ កសិដ្ឋានមួយនេះ បានជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។ ជាមួយគ្នានេះកសិដ្ឋានបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធន៍ សម្រាប់ពង្រីកចំណេះ និងជំនាញថ្មីពីប្រទេសដែលមានបច្ចេកវិទ្យា​ខ្ពស់ទៅលើ​ផ្នែក​កសិកម្ម​ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner