ប្រជាជនកម្ពុជាជ្រើសយកប្រជាធិបតេយ្យសេរីពហុបក្សដែលលើកតម្កើងសុខសន្តិភាព និងការអភិវឌ្ឍន៍

អត្ថបទដោយ៖
AMS OneMinute

ថ្មីៗនេះ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា  បានសរសេរអត្ថបទ មួយផ្សាយលើសារព័ត៌មាន eurasiaview ដោយដាក់ចំណងជើងថា  “ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះដល់កម្រិតទាបបំផុត”។

លោកស្រីបានសរសេរដោយចាប់ផ្តើមថា  “បើរាប់ចំនួនរឿងក្តីនយោបាយដែលកំពុងនៅក្នុងដៃតុលាការកម្ពុជា ប្រទេសនេះសមតែមានអស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានសម្រាប់ចលាចល” និងបានបញ្ចប់ដោយការសន្និដ្ឋានថា “អនាគតនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនមានភាពវិជ្ជមានទេ។” 

អ្នកដែលបានអានអត្ថបទរបស់លោកស្រី អាចនឹងគិតថា នេះគឺជាអត្ថបទដែលសរសេរដោយសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ឬដោយអ្នកដែលវង្វេងប្រវត្តិសាស្ត្រ ឬមិនយល់ដឹងពីប្រវត្តិសាស្ត្រកម្ពុជា។

ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំសូមថ្លែងអំណរគុណលោកស្រីជាអនេក  ដែលបានបញ្ចេញនូវទស្សន: និងកង្វល់ផ្ទាល់ខ្លួនរបស់លោកស្រី ចំពោះអនាគតនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា  ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់  និងការតាំងចិត្តចំពោះបេសកកម្មរបស់លោកស្រីនៅកម្ពុជា និងពីសមានចិត្តរបស់លោកស្រីចំពោះប្រទេស និងប្រជាជនកម្ពុជា។

ជាការពិត ប្រជាជនកម្ពុជាគ្រប់រូបប្រាថ្នាចង់បានប្រជាធិបតេយ្យសេរីពហុបក្ស  ដូច្នេះហើយបានជាពួកគាត់តែងតែអនុវត្តសិទ្ធិពលរដ្ឋរៀងរាល់ ៥ឆ្នាំម្តង  តាំងពីឆ្នាំ១៩៩៣មក  ក្នុងការទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំនយោបាយ។ ប្រជាធិបតេយ្យសេរីពហុបក្សដែលប្រជាជនកម្ពុជាប៉ងប្រាថ្នា គឺ “ប្រជាធិបតេយ្យដែលពូនជ្រុំ  ថែថួន  និងលើកតម្កើងសន្តិភាព ដើម្បីការរីកចម្រើន និងការអភិវឌ្ឍ” សម្រាប់ពលរដ្ឋកម្ពុជារាប់សិបជំនាន់តទៅមុខទៀត មិនមែនជា “ប្រជាធិបតេយ្យតាមបែបចិញ្ចើមថ្នល់ តាមបែបកម្លាំងមហាជន តាមបែបបដិវត្តពណ៌ តាមបែបផ្តលរំលំ  និងតាមបែបបំផ្លិចបំផ្លាញសុខសន្តិភាព  និងការអភិវឌ្ឍដែលកម្ពុជាប្រឹងប្រែងសម្រេចបានមកដោយសមុទ្រញើសឈាមនោះទេ។

លទ្ធផលការបោះឆ្នោតនៅឆ្នាំ២០១៣ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាត្រូវការការផ្លាស់ប្តូរ ប៉ុន្តែជាការផ្លាស់ប្តូរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃអ្នកទៅបោះឆ្នោត  (៨៣.០២ ភាគរយនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត) នៅឆ្នាំ២០១៨ និង សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ប្រជាជនកម្ពុជានៅតែត្រូវការគណបក្សប្រជាជនកម្ពុជា  និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបន្តដឹកនាំកម្ពុជាតទៅមុខទៀត។

នេះក៏សបញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាជនកម្ពុជាផ្តល់តម្លៃឱ្យសុខសន្តិភាព  និងការអភិវឌ្ឍ ជាងប្រជាធិបតេយ្យបែបផ្តួលរំលំ និងបំផ្លិចបំផ្លាញ ព្រោះក្រុមគ្រួសារពួកគាត់សុទ្ធតែបានឆ្លងកាត់សង្គ្រាម សុទ្ធតែបានបាត់បង់មនុស្សជាទីស្រឡាញ់ និងសុទ្ធតែបានឆ្លងកាត់ពេលវេលាដ៏រន្ធត់សោកសៅ ។ ដូច្នេះពួកគាត់ពិតជាឆ្អែតឆ្អន់នឹងទុក្ខវេទនា និងសោកនាដកម្មនៃសង្គ្រាម ហើយបុគ្គលណា ឬគណបក្សនយោបាយណា ដែលជំរុញឱ្យមានការបែកបាក់ ប្រេះឆា និងការវិលត្រឡប់មកវិញនូវសង្គ្រាមនៅកម្ពុជា មិនដែលទទួលបានការគាំទ្រម្តងណានោះឡើយ។

ខ្ញុំយល់ឃើញថា ទាល់តែលោកស្រីជាពលរដ្ឋកម្ពុជា ដែលបានហែលឆ្លងសមុទ្រញើស ឈាម ទឹកភ្នែក និងសោកនាដកម្មនៃសង្គ្រាម ដូចប្រជាជនកម្ពុជា នោះទើបមានថ្ងៃដែលលោកស្រីអាចយល់ពីអារម្មណ៍របស់ប្រជាជនកម្ពុជាបាន។ បើត្រឹមតែជាអ្នកទេសចរ ឬអ្នកមកទទួលការងារអាណត្តិខ្លីៗនៅកម្ពុជាទេ នោះគ្មានអ្នកណាម្នាក់អាចយល់ និងស្គាល់ប្រទេសកម្ពុជា ដូចប្រជាជនកម្ពុជានោះឡើយ។ លោកស្រីអាចមានការគិតគូរមួយត្រឹមត្រូវ  ប៉ុន្តែនៅក្នុងបរិបទមួយដោយឡែកមិនមែនកម្ពុជា។ ដូច្នេះ សារជាថ្មីម្តងទៀត ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ខ្ញុំសូមអរគុណលោកស្រីសម្រាប់ការគិតគូពីអនាគតកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្ញុំក៏សូមស្នើសុំឱ្យលោកស្រីគោរពបរិបទដោយឡែករបស់កម្ពុជា គោរពសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា  និងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា។

មតិពលរដ្ឋកម្ពុជា

Facebook: AMS One-minute

Telegram: AMS One-minute

TikTok: @apsaramediaservices

ads banner