គួរពិចារណា ! តើគួរចាប់ផ្តើមអាជីវកម្មជាដៃគូ ឬធ្វើតែម្នាក់ឯង មួយណាប្រសើរជាង?

ការចាប់ផ្តើមគំនិតនៃការបើកអាជីវកម្មថ្មីមួយគឺត្រូវមានការគិតធ្វើពីផែនការ រួមជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវលទ្ធផល។ មានកត្តាច្រើនណាស់ដែលអ្នកត្រូវគិតពិចារណាតាំងតែពីដំណាក់កាលដំបូង ដែលក្នុងនោះ ការសម្រេចចិត្តជ្រើសយកដៃគូសហការអាជីវកម្មរួម ឬការធ្វើអាជីវកម្មតែម្នាក់ឯងក៏ជាកត្តាដែលត្រូវពិចារណាផងដែរ។

មនុស្សភាគច្រើននិយាយថាចង់លឿនទៅម្នាក់ឯងចង់រឹងម៉ាំទៅគ្នាច្រើន។មិនថាអាជីវកម្មបែបជាដៃគូ ឬអាជីវកម្មតែម្នាក់ឯងនោះទេ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា ប៉ុន្តែសំខាន់ត្រង់ថា តើទស្សនៈវិស័យរបស់អ្នកសម្រាប់អាជីវកម្មដែលអ្នកចង់បើកដំណើរការមានរូបរាងយ៉ាងណា ហើយថាតើអ្នកគួរតែដើរម្នាក់ឯង ឬស្វែងរកដៃគូដែលមានទស្សនៈវិស័យដូចគ្នា!

ប្រាកដណាស់ថា ការធ្វើអាជីវកម្មតែម្នាក់ឯងពិតជានឹងផ្តល់ឱ្យអ្នកនូវស្វ័យភាពពេញលេញគ្មានសំពាធពីអ្នកណាម្នាក់ឡើយទាំងការគ្រប់គ្រងការងារនិងការគ្រប់គ្រងពេលវេលា ប៉ុន្តែបើនិយាយពីការគ្រប់គ្រងអាជីវកម្មជាដៃគូវិញក៏មានប្រយោជន៍ច្រើនដែរ ដោយវានឹងអាចអនុញ្ញាតឱ្យអ្នកពង្រីកអាជីវកម្មរបស់អ្នកប្រកបដោយយុទ្ធសាស្ត្រនិងមានភាពស្វាហាប់ជាងមុន។

ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មដោយខ្លួនឯង និងការធ្វើអាជីវកម្មជាដៃគូ៖

អាជីវកម្មជាដៃគូ

១.ចែករំលែកហានិភ័យ៖មានដៃគូមានន័យថាអ្នកនឹងមានប្រភពធនធានច្រើនច្រកជាងមុន ដូចនេះហានិភ័យនៃការវិនិយោគ គឺត្រូវបែងចែកទៅឲ្យគ្រប់គ្នាមិនមែនតែអ្នកម្នាក់ឯងនោះឡើយ
២.មានធនធានជំនាញកាន់តែច្រើន និងចម្រុះគ្នា៖មនុស្សច្រើនគំនិតច្រើនជំនាញច្រើន ដូចនេះអាជីវកម្មរបស់អ្នកនឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅលើតម្រូវការរបស់អតិថិជន
៣.ការត្រួតពិនិត្យនិងធ្វើឲ្យមានតុល្យភាពច្បាស់ជាងមុន៖រឿងមួយសំខាន់ផងដែរក្នុងការធ្វើអាជីវកម្មគឺជាការសម្រេចចិត្ត។ វាដូចជាចង្កូតដែលនាំអាជីវកម្មរបស់អ្នកទៅកាន់ផ្លូវត្រូវឬផ្លូវខុសដូច្នេះដែរ

អាជីវកម្មតែម្នាក់ឯង

១.រត់តាមទស្សនៈវិស័យរបស់អ្នកពេញទំហឹង៖គ្មានសំពាធគ្មានការសម្រេចចិត្តរួមគ្នា និងសម្រេចចិត្តបានលឿនដើម្បីនាំយកអាជីវកម្មរបស់អ្នកដើរទៅរកអ្វីដែលអ្នកប៉ងប្រាថ្នាចង់បាន
២.បង្កើនចំនួនផលិតកម្ម៖មិនមែនមានន័យថាអ្នកម្នាក់ឯងអាចធ្វើការងារបានច្រើននោះទេ ប៉ុន្តែអ្នកមានសិទ្ធិសម្រេចចិត្តលឿនដោយមិនចាំបាច់រង់ចាំការប្រជុំការបោះឆ្នោត ឬសហការណាមួយឡើយ
៣.ភាពងាយស្រួល និងបត់បែន៖ផ្នែកមួយដែលពិសេសបំផុតសម្រាប់អ្នកធ្វើអាជីវកម្មតែម្នាក់ឯងនោះគឺថាអ្នកអាចរៀបចំម៉ោងធ្វើការដោយខ្លួនឯងប្រើប្រាស់ការគ្រប់គ្រងការងារប្រកបដោយការច្នៃប្រឌិតខ្លួនឯង ហើយបត់បែនកាន់តែមានភាពងាយស្រួល និងអាចធ្វើការងារបានច្រើនប្រភេទផ្សេងទៀតក្នុងពេលដំណាលគ្នា៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner