កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ កំពុងរឹតបន្តឹងសន្តិសុខព្រំដែន ដើម្បីឈានទៅវែកមុខរកជនសង្ស័យមួយក្រុម ដែលបានចូលបាញ់រះ មកលើស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ សៀមប៉ាង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ សកម្មភាពរឹតបន្តឹងនៅតាមខ្សែបន្ទាត់ព្រំដែននោះ បានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកបាញ់បោះ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងបានចូលមកបាញ់សន្ធាប់ជាច្រើនគ្រាប់ មកលើស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃសៀមប៉ាង កាលពីយប់ ថ្ងៃទី១០មិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

នៅក្នុងរវាងពីរថ្ងៃ គឺថ្ងៃទី១១មិថុនា និងថ្ងៃទី១២មិថុនានេះ កម្លាំងយោធា នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានកាតព្វកិច្ចការពារព្រំដែន បានសហការណ៍ជាមួយមន្ទីរបរិស្ថានខេត្ត កម្លាំងយោធភូមិភាគទី១ កម្លាំងប្រដាប់អាវុធនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរឹតបន្តឹងសន្តិសុខព្រំដែន និងចុះស្រាវជ្រាវ ដើម្បីឈានទៅកំណត់មុខសញ្ញាមនុស្សមួយក្រុម ដែលបានប្រព្រឹត្តការបាញ់បោះមកលើ ដែនជម្រកសត្វព្រៃសៀមប៉ាង នៅចំណុច UTM 0636244.1563741 ស្ថិតក្នុងភូមិសាស្ត្រ ត្រពាំងអង្គ្រង ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍អោយដឹង នៅថ្ងៃ១២មិថុនានេះថា ពិតជាមានមនុស្សមួយក្រុម មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកបាញ់បោះនៅក្នុងដែនជម្រកសត្វព្រៃ បាញ់តដៃ និងបានបាញ់សន្ធាប់មកលើស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃនោះ យ៉ាងពិតប្រាកដមែន។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានអោយដឹងទៀតថា ការបាញ់បោះដោយមនុស្សមួយក្រុមនោះ បានកើតឡើងនៅម៉ោង ប្រមាណជា ៨ និង២០នាទីយប់ ថ្ងៃទី១០មិថុនាឆ្នាំ២០២០ កន្លងទៅនេះ។ លោកឧត្តមសេនីយ៍បានបន្តថា មុនឈានដល់ការបាញ់តដៃគ្នាជាមួយមន្ត្រីបរិស្ថាន និងក្រុមនេះបានចូលមកបាញ់ស្រោច លើស្នាក់ការឧទ្យានុរក្សនោះ មនុស្សមួយក្រុមនេះ បានចូលមកបាញ់បោះក្នុងដែនជម្រកសត្វ ១គ្រាប់ ស្របពេលដែលមន្ត្រីបរិស្ថាន កំពុងត្រៀមចេញល្បាត ពេលនោះក្រុមប្រដាប់ដោយអាវុធនោះ បានបាញ់មកលើស្នាក់ការបរិស្ថាន ២គ្រាប់ មន្ត្រីបរិស្ថាន ក៏បានបាញ់តដៃវិញ ដើម្បីការពារខ្លួន នៅពេលនោះក្រុមជនល្មើស ក៏បានធ្វើការបាញ់សន្ធាប់ មកលើក្រុមមន្ត្រីឧទ្យានុរក្សជាច្រើនគ្រាប់ ក្រោយមកពួកគេ ក៏បានដកថយទៅវិញទាំងយប់។

លោកថា តាមការស្រាវជ្រាវជំហ៊ានដំបូង កម្លាំងសមត្ថកិច្ចបានរកឃើញថា ក្រុមជនល្មើសមានគ្នារហូតដល់ទៅ៩នាក់ អាចមានខ្មែរ និងជាតិសាសន៍ផ្សេង លួចឆ្លងដែនចូលមករកបរបាញ់សត្វព្រៃ ហើយក្រុមនេះមានអាវុធគ្រប់ដៃ ជាប្រភេទអសវុធកែច្នៃ និងមានកូមឆ្លុះគ្រប់ៗគ្នាផងដែរ។ ក្រោយការដកចេញរបស់ជនល្មើស សមត្ថកិច្ចបានរកឃើញសំបកកាទុះ ១២គ្រាប់ ជាសំបកគ្រាប់ AK47 ទាំងអស់។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មានប្រសាសន៍អោយដឹងទៀតថា រឿងនេះបានកើតឡើងកាលពីឆ្នាំទៅម្តងរួចមកហើយ អោយតែរដូវវស្សាឈានចូលមកដល់ ដោយមានក្រុមជនខិលខូចក្រៅស្រុក លបលួចឆ្លងដែនចូលមក ឃុបឃិតគ្នាជាមួយជនមិនល្អមួយក្រុមនៅក្នុងស្រុក មានអាវុធកែច្នៃខ្លះ និងអាវុធមិនកែច្នៃខ្លះ បានចូលទៅរកបរបាញសត្វព្រៃ នៅក្នុងតំបន់អភិរក្សរបស់ខ្មែរ ហើយកម្លាំងយោធា ក៏បានបណ្តេញក្រុមនេះ ចូលទៅក្នុងទឹកដីពួកគេវិញ។

លោកថា នៅក្នុងពេលនេះ កម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បាននិងកំពុងសហការណ៍ ជាមួយមន្ទីរបរិស្ថានខេត្ត និងក្រសួងបរិស្ថាន បើកប្រតិបត្តិការរុករកជនសង្ស័យ ទៅតាមគោលការណ៍ និងភូមិសាស្ត្រជាក់ស្តែង ចំនួន ៣ចំណុច៖  ១-ពិនិត្យមើលទៅលើកន្លែងផ្ទុះអាវុធ ២-បន្តស្រាវជ្រាវរកបណ្តាញនៅខាងក្នុង និងទី៣ តាមឃ្លាំមើលដានសកម្មភាពរបស់ក្រុមនោះ តើអាចឆ្លងព្រំដែនតាមតំបន់ណា និងបន្តលាក់ខ្លួននៅក្នុងតំបន់ណាខ្លះ? ហើយនៅពេលនេះ កម្លាំងសហការណ៍ កំពុងបន្តប្រតិបត្តិការរុករកក្រុមជន ដែលបានប្រព្រឹត្តបទល្មើស ផ្ទុយពីច្បាប់កម្ពុជា នៅមិនទាន់បានបញ្ចប់នៅឡើយទេ៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner