ក្រសួងបរិស្ថាន៖មន្រ្តីជំនាញកំពុងប្រមូលសំណាកលាមកសត្វដំរីដើម្បីកំណត់អត្តសញ្ញាណ និងធ្វើ DNAក្នុងដែនជម្រកសត្វព្រៃស្រែពក

ដោយ៖ម៉ាដេប៉ូ

មណ្ឌលគិរី ៖បន្ទាប់ពីគេបានប្រទះឃើញហ្វូងសត្វដីរីនៅតំបន់ភាគឦសានរួចមកពេលនេះ មន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកំពុងសហការជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF ដើម្បីស្រាវជ្រាវនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយតាមដានស្លាកស្នាមដានជើង និងប្រមូលសំណាកលាមករបស់សត្វដំរី ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើ DNAរបស់វា។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថាការចុះពិនិត្យស្រាវជ្រាវនេះបន្ទាប់ពីគេបានប្រទះឃើញហ្វូងដំរីមួយក្រុមបានបន្លាស់ទីពីដែនជម្រកសត្វព្រៃមួយ ទៅកាន់ដែនជម្រកសត្វព្រៃមួយទៀត និងឆ្លងកាត់តំបន់របៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីកាលពីចុងខែវិច្ឆិកាឆ្នាំ២០២០កន្លងមក។

          ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថានៅតំបន់ភូមិភាគឦសានពិសេសស្ថិតនៅខេត្តមណ្ឌលគិរីនិងរតនគិរីត្រូវគេជឿជាក់ថាមានវត្តមានសត្វដំរីប្រមាណជាង១០០ក្បាល។

          ជាមួយគ្នា ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើងដែរថាកាលពីថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០ ក្រុមឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃកែវសីមាក៏បានចុះល្បាត ប្រទះឃើញដានជើងសត្វដំរី ជាប្រភេទដំរី (ស្មួល )ជាដំរី ឈ្មោលមិនមានភ្លុក វាចូលចិត្តនៅតែឯង ហើយនៅពេលព្រឹក មន្រ្តីឧទ្យានុរក្សឃើញវានៅតែឯងនៅក្បែរមាត់អូរប៉ាម ដែលមានទំហំជើង ២ ចង្អាម ជាង នៅភូមិសាស្ត្រអូរប៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

          ពាក់ព័ន្ធក្នុងរឿងនេះរដ្ឋលេខាធិការបានមានប្រសាសន៍ថារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានមានជំនឿទុកចិត្តទៅលើការអភិរក្ស និងកិច្ចការពារធនធានធម្មជាតិរបស់យើង ដោយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះយើងបានថែរក្សាជម្រកសត្វព្រៃបានល្អ ហើយតាមរយៈនេះយើងនឹងខិតខំថែរក្សាជម្រកដែលជាធនធានធម្មជាតិរបស់សត្វព្រៃបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជារបស់យើង។ជាពិសេសតាមរយៈការខិតខំថែរក្សាការពារនេះដែរគេឃើញថាសត្វកម្របំផុតក្នុងលោកគេឃើញមានវត្តមាននៅប្រទេសកម្ពុជាក្នុងនេះដូចជាស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាត្រុស ស្វាក្តាម ក្ងោក ត្មាត ត្រយ៉ងយក្ស

ទាព្រៃស្លាប ស ដែលទទួលការគំរាមកំហែងនិងជិតផុតពូជក្នុងពិភពលោក គេឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជារបស់យើង។

          លោកថាក្នុងចំណោមសត្វទាំងនេះគេឃើញមួយចំនួនមានចំនួនថេរ និងមួយចំនួនទៀតមានការកើនឡើង។ទាំងនេះបង្ហាញពីប្រសិទ្ធភាពការអនុវត្តច្បាប់ ភាពម៉ឺងម៉ាត់អនុវត្តការងារ ទៅលើការបង្រ្កាបបទល្មើស ការបង្រ្កាបការជួញដូរសត្វព្រៃ ជាដើម។ជាមួយគ្នាក្នុងមួយឆ្នាំៗមន្រ្តីពាក់ព័ន្ធបានដកហូតអន្ទាក់ កំាភ្លើងកែច្នៃជាច្រើននាកន្លងមក។ទន្ទឹមនឹងនេះក្រសួងបរិស្ថាននឹងខិតខំផ្សព្វផ្សាយក៏ដូចជាអប់រំប្រជាពលរដ្ឋរស់នៅតំបន់ទាំងនេះនាំគ្នាចូលរួមអភិរក្សធនធានធម្មជាតិក៏ដូចជាសត្វព្រៃឱ្យបានយូរអង្វែងតទៅមុខទៀត។

          គួរបញ្ជាក់ថាកាលពីថ្មីៗមកនេះបើតាម ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងដែរថា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុកនិងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។

បើតាមការថ្លែងឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner